កូរ៉េខាងជើង បញ្ជាក់ថា​ ខ្លួនបានបាញ់សាកល្បង​មីស៊ីលកាលពីថ្ងៃអង្គារម្សិលមិញ គឺជាមីស៊ីលលឿនជាងសំឡេងថ្មី
អន្តរជាតិ
109

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មាន រដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា កូរ៉េខាងជើង បាន បាញ់ចេញពីឆ្នេរខាងកើតរបស់ខ្លួន កាលពីថ្ងៃអង្គារ (២៨ កញ្ញា) គឺជាមីស៊ីលលឿនជាងសំឡេង ដែលទើបអភិវឌ្ឍ​ថ្មីបំផុត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្ពោះទៅសមុទ្រ នៅឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ខណៈទីក្រុងព្យុងយ៉ាង បានអំពាវនាវឱ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងលុបចោល«​នយោបាយអរិយភាព» របស់ពួកគេលើកម្មវិធីអាវុធ ដើម្បីចាប់ផ្តើមកិច្ចចរចាការទូតឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មាន រដ្ឋ KCNA បាននិយាយថា ការអភិវឌ្ឍ​ប្រព័ន្ធអាវុធបង្កើនសមត្ថភាពការពាររបស់កូរ៉េខាងជើង ដោយពិពណ៌នា មីស៊ីលលឿនជាងសំលេងនេះថា ជាអាវុធយុទ្ធសាស្ត្រ។

កូរ៉េខាងជើង កំពុងអភិវឌ្ឍ​​ប្រព័ន្ធអាវុធរបស់ខ្លួនឥតឈប់ឈរ ចំពេលមានភាពជាប់គាំងក្នុងកិច្ចពិភាក្សា ដែលមានគោលបំណងបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក។

យោងតាមរបាយការណ៍បាន​ឲ្យដឹង​ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបានត្រួតពិនិត្យការបាញ់បង្ហោះនេះទេ។ របាយការណ៍នេះបាននិយាយថា«នៅក្នុងការបាញ់សាកល្បងលើកដំបូង អ្នកវិទ្យាសាស្ត្រការពារជាតិ បានបញ្ជាក់ពីការគ្រប់គ្រងនាវាចរណ៍និងស្ថិរភាពនៃមីស៊ីល»។

មីស៊ីលនោះ មានឈ្មោះថា Hwasong-8 បានអនុវត្តចំពោះគោលដៅបច្ចេកទេសរបស់ខ្លួន រួមទាំងភាពវៃឆ្លាតដែលអាចបញ្ជាបាននិងលក្ខណៈហោះហើររបស់ក្បាលគ្រាប់រំកិលដែលមានល្បឿនលឿនជាងមុន។

គួរបញ្ជក់ថា កូរ៉េខាងជើង កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួនមានឆន្ទៈពិចារណា កិច្ចប្រជុំកំពូលមួយទៀត ជាមួយកូរ៉េខាងត្បូង ប្រសិនបើការគោរពគ្នាទៅវិញទៅមក រវាងប្រទេសជិតខាងអាចត្រូវបានធានា បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន អំពាវនាវឱ្យមានការប្រកាសបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ​១៩៥០-១៩៥៣ ។

កិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរដែលបានផ្តួចផ្តើមរវាងអតីតប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងឆ្នាំ ២០១៨ បានជាប់គាំងតាំងពីឆ្នាំ​២០១៩​។

ប្រទេសកូរ៉េ ទាំងពីរបានបាញ់សាកល្បងមីស៊ីលផ្លោង នៅថ្ងៃទី ១៥ ខែកញ្ញាជាផ្នែកមួយនៃការប្រកួតប្រជែងអាវុធដែលប្រទេសទាំងពីរ បានអភិវឌ្ឍ​អាវុធទំនើប​ៗ​កាន់តែខ្លាំងឡើង​ៗ ខណៈកិច្ចខិតខំប្រឹងប្រែងបង្ហាញថាគ្មានផ្លែផ្កាក្នុងការចរចាដើម្បីកាត់បន្ថយភាពតានតឹង៕

ប្រភព៖ Channel News Asia 

Telegram