អន្តរជាតិ៖ នាយកដ្ឋានបង្ការនិងគ្រោះមហន្តរាយថៃ បានរាយការណ៍នៅពីថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះ Dianmu ឆ្លងកាត់ប្រទេសថៃបានកើនឡើងដល់ ៧ នាក់ហើយដោយទឹកជំនន់នៅតែបន្តកើតមាននៅក្នុងខេត្តចំនួន ១៦ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
សូមជម្រាបថា ចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ទឹកជំនន់ដែលបង្កឡើងដោយព្យុះនេះ បានប៉ះពាល់ដល់គ្រួសារ ១៩៧.៧៩៥ គ្រួសារនៅក្នុងខេត្តចំនួន ៣០ ។ មនុស្ស ៧ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ដោយសារទឹកជំនន់។
កម្រិតទឹកនៅទន្លេ ចៅ ប្រាយ៉ា (Chao Phraya) បន្តហក់ឡើងជាលំដាប់ ខណៈអាជ្ញាធរថៃ កំពុងព្យាយាមរំដោះទឹកចេញពីទំនប់វារីអគ្គិសនី នៅខ្សែទឹកខាងលិច។
តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទាហានថៃ បានរៀបចំឡើងទំនប់ ដើម្បីការពារទីតាំងប្រវត្តិសាស្រ្ត ក្នុងរាជធានីចាស់ អាយុធ្យា (Ayutthaya) ដែលមានចម្ងាយ៦០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាងកក ។
សាលាក្រុងបាងកក បានអះអាងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់កម្រិតទឹកទន្លេចៅ ប្រាយ៉ា និងបានបន្តបូមទឹកចេញ ក៏ដូចជា ត្រៀមប៉ាវខ្សាច់រួចរាល់ដើម្បីឡើងទំនប់ផងដែរ។
អភិបាលក្រុងបាងកក Aswin Kwanmuang អះអាងថា លោកនឹងប្រកាសអាសន្នដល់ពលរដ្ឋ ប្រសិនបើរកឃើញសញ្ញាដែលបង្ហាញថា កម្រិតទឹកហក់ឡើងខ្ពស់ ហើយមានហានិភ័យនៃគ្រោះទឹកជំនន់៕
ប្រភព៖ Bangkok Post