អន្តរជាតិ៖ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានយកឈ្នះរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវ៉ាក់សាំងលោក តារ៉ូ កូណូ (Taro Kono) នៅក្នុងការបោះឆ្នោតនៅថ្ងៃពុធនេះ ដោយក្លាយជាមេដឹកនាំថ្មីរបស់គណបក្សកាន់អំណាច ដែលនេះគឺជាការត្រួសត្រាយផ្លូវឲ្យលោកក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
លោក គីស៊ីដា (Kishida) បានទទួលសម្លេងឆ្នោតគាំទ្រ សរុបចំនួន២៥៧សម្លេង ខណៈដែលលោក កូណូ (Kono) ទទួលបានការបោះឆ្នោតគាំទ្រសរុបចំនួន១៧០សម្លេង។ សូមរម្លឹកថា កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីជប៉ុនលោក យូស៊ីហ៊ីដិ ស៊ូហ្គា (Yoshihide Suga) បានប្រកាសថា លោកនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់គណបក្ស LDP ទេ ដោយបើកចំហឲ្យមានការប្រកួតប្រជែងរវាងបេក្ខភាពដទៃ។
បេក្ខភាពចំនួន៤រូបបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ដែលត្រូវបានធ្វើឡើង នៅសណ្ឋាគារមួយ ក្នុងទីក្រុងតូក្យូ ហើយមិនមាននរណាម្នាក់ទទួលបានសម្លេងគាំទ្រភាគច្រើនឡើយ នៅក្នុងការបោះឆ្នោតជុំទីមួយ។
សូមបញ្ជាក់ថា លោក គីស៊ីដា (Kishida) បានបម្រើការជារដ្ឋមន្ត្រីការបរទេសជប៉ុនចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ស្ថិតក្រោមអាណត្តិរបស់អតតីនាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ (Shinzo Abe) ។
ឥលូវនេះលោកត្រូវបានគេរំពឹងថានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនដោយសារគណបក្ស LDP ដែលជាបក្សកាន់អំណាចមានសម្លេងភាគច្រើននៅក្នុងសភា។ ហើយការបោះឆ្នោតសកលត្រូវបានគេគ្រោងនឹងរៀបចំធ្វើឡើងក្នុងឆ្នាំនេះផងដែរ៕
ប្រភព៖ Bangkok Post