អន្តរជាតិ៖ កាលពី ថ្ងៃពុធម្សិលមិញ ប្រទេសចិន បានបង្ហាញរូបរាងនៃយន្តហោះគ្មានមនុស្សបើក ដែលមានលក្ខណៈស្រដៀងទៅនឹងយន្តហោះ Kratos (KTOS.O) XQ-58A Valkyrie របស់អាមេរិក ស្របពេលប្រទេសទាំង២ កំពុងប្រកួតប្រជែងគ្នា វិនិយោគលើដ្រូន ដើម្បីជួយ ការពារយន្តហោះចម្បាំងដែលមានតម្លៃថ្លៃ។
បើតាមសារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Zhang Zhongyang អនុប្រធាន ក្រុមហ៊ុនបច្ចេកវិទ្យា វិទ្យាសាស្ត្រអវកាស (CASTC) បាននិយាយថា គំនិតផ្តួចផ្តើមដ្រូន FH-97 រយៈចម្ងាយឆ្ងាយដែលបង្ហាញនៅថ្ងៃពុធ គឺអាចផ្ទុកអាវុធប្រភេទផ្សេងៗគ្នា និងមានសមត្ថភាពធ្វើសង្គ្រាមអេឡិចត្រូនិក។ លោកមិនបានផ្តល់ព័ត៌មានជាក់លាក់នៅក្នុងបទបង្ហាញ នៅឯកម្មវិធីតាំងពិព័រណ៌ Airshow China នៅទីក្រុង Zhuhai ទេ។
សហរដ្ឋអាមេរិក អង់គ្លេស អូស្រ្តាលី ឥណ្ឌានិងរុស្ស៊ី ស្ថិតក្នុងចំណោមប្រទេសដែលកំពុងអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើក “Loyal Wingman” ដែលមានតម្លៃថោក និងខ្លាំងជាងយន្តហោះចម្បាំងដែលមានមនុស្សបើក។
CASTC មិនបានផ្តល់ព័ត៌មានលម្អិតផ្នែកបច្ចេកទេសនៃគំនិតរបស់ FH-97 ហើយក៏មិននិយាយថាតើ វាគ្រោងនឹងនាំចេញផងដែរ ថ្វីបើអ្នកសង្កេតការណ៍បរទេសជាច្រើនបានមកពិនិត្យមើលការបង្ហាញនេះក៏ដោយ។
រូបរាងរបស់ FH-97 គឺស្ទើរតែដូចគ្នាបេះបិទទៅនឹង Kratos XQ-58A ដែលបានធ្វើការហោះហើរលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០១៩។ XQ-58A មានល្បឿនអតិបរមា ២៩១.៥៥ ម៉ែតក្នុងមួយវិនាទី ហើយអាចហោះបានចម្ងាយ៤,០៧៤គីឡូម៉ែត្រ៕
ប្រភព៖ Bangkok Post