អន្តរជាតិ៖ សារព័ត៌មាន Sputnik បានចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះថា ប៉ូលីសនៅទីក្រុង Boulder រដ្ឋ Colorado បានចេញសេចក្តីជូនដំណឹងអំពីការបាញ់ប្រហារដ៏សាហាវ នៅហាងលក់គ្រឿងទេស King Soopers។
ប៉ុន្មានម៉ោងក្រោយមក ប៉ូលិសក្រុង Boulder បានឆ្លើយតបទៅនឹងរបាយការណ៍នៃការវាយប្រហារនៅទីតាំងដាច់ដោយឡែកមួយទៀត ដែលមានចម្ងាយពីកន្លែងវាយប្រហារដំបូងប្រហែល៣ម៉ាយល៍ ហើយក្រុមអ្នកស៊ើបអង្កេតកំពុងស្វះស្វែងដើម្បីកំណត់ថាតើ ឧប្បត្តិហេតុទី២មានជាប់ទាក់ទងជាមួយការបាញ់ប្រហារនៅ King Soopers ដែរឬក៏អត់។
វីដេអូពីកន្លែងកើតហេតុដែលចាក់ផ្សាយដោយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក KDVR-TV បានបង្ហាញពីបុរសពុកចង្ការម្នាក់ ដោះអាវស្លៀកខោខ្លី ត្រូវបានគេដាក់ខ្នោះដៃ។
FBI បាននិយាយនៅលើបណ្តាញសង្គម Twitter ថា ភ្នាក់ងាររបស់ខ្លួនកំពុងជួយប៉ូលិសក្នុងតំបន់ដើម្បីស៊ើបអង្កេតលើការបាញ់ប្រហារនេះ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថាយ៉ាងហោចណាស់មានមនុស្ស ៦ នាក់រួមទាំងមន្រ្តីប៉ូលីសម្នាក់ត្រូវបានបាញ់សម្លាប់។ គ្មានការបញ្ជាក់ជាផ្លូវការណាមួយពីប៉ូលីសបានតាមដានឡើយ៕ ប្រភព៖ Sputnik