សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី ៣០ ខែកញ្ញានេះថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានតែងតាំងនៅក្នុង ស្ថាប័នកំពូលរបស់ប្រទេសនេះ។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះថា លោកស្រី គីម យ៉ូជុង ទីប្រឹក្សាដ៏សំខាន់របស់បងប្រុសរបស់នាង ត្រូវបានតម្លើងឋានៈជាគណៈកម្មាធិការកិច្ចការរដ្ឋ (SAC)ចំពេលមានការផ្លាស់ប្តូរជាច្រើនដែលត្រូវបានអនុម័តដោយសភាប្រជាជនកំពូលសភា ។
សមាជិកមិនតិចជាង ៩ នាក់នៃគណៈកម្មការនេះត្រូវបានបណ្តេញចេញរួមទាំងអនុប្រធានម្នាក់គឺលោក ប៉ាក់ ពុង ជូ (Pak Pong Ju)និង អ្នកការទូត Choe Son Hui ដែលជាស្ត្រីជាន់ខ្ពស់ដ៏កម្រនៅក្នុងឋានានុក្រមកូរ៉េខាងជើងដែលបានដើរតួយ៉ាងសំខាន់ក្នុងការចរចាជាមួយសហរដ្ឋអាម៉េរិក។
កាសែត Rodong Sinmun បានបង្ហាញរូបភាពរបស់អ្នកតែងតាំងថ្មីទាំង ៨ នាក់នៅថ្ងៃព្រហស្បតិ៍ទី ៣០ ខែកញ្ញា លោកស្រី គីម យ៉ូ ជុង បានបង្ហាញភាពលេចធ្លោក្នុងចំណោមពួកគេទាំងវ័យក្មេង និង ជាស្ត្រីតែម្នាក់គត់។
គួរបញ្ជាក់ថា ជារឿយៗលោកស្រីត្រូវបានគេឃើញនៅក្បែរបងប្រុសរបស់លោកស្រី ដែលរួមមានលោកស្រីបានទៅសាលារៀននៅប្រទេសស្វីស និង រួមទាំងនៅឯកិច្ចប្រជុំកំពូលរបស់លោក គីម ជុង អ៊ុន ជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងត្បូងលោក មូន ចេ អ៊ីន ផងដែរ។
តួនាទីនយោបាយពិតប្រាកដរបស់លោកស្រីគឺជាប្រធានបទនៃការប៉ាន់ស្មានយូរអង្វែង ព្រោះមានលទ្ធភាពថាថ្ងៃណាមួយលោកស្រីអាចនឹងក្លាយជាមេដឹកនាំស្ត្រីដំបូងរបស់កូរ៉េខាងជើង។ ឋានៈផ្លូវការរបស់លោកស្រីបានកើនឡើងនិងធ្លាក់ចុះតាមពេលវេលា ប៉ុន្តែតំណែងថ្មីរបស់ SAC គឺជាមុខតំណែងជាន់ខ្ពស់បំផុតដែលលោកស្រីបានកាន់៕
ប្រភព៖ Channel News Asia