អន្តរជាតិ៖ ស្តេចប្រដាល់ហ្វីលីពីន លោក ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) ដែលនឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២២នោះ បានប្រកាសនៅថ្ងៃពុធនេះថា លោកបានចូលនិវត្តន៍ ពីអាជីពកីឡាករប្រដាល់ហើយ ដើម្បីយកពេលផ្តោតទៅលើការប្រកួតដ៏ធំបំផុត នៅក្នុងអាជីពនយោបាយរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
លោក ប៉ាក់គីអៅ (Pacquiao) បានប្រកាសបែបនេះនៅក្នុងវីដេអូរយៈពេល១៤នាទី ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោក។ លោក ប៉ាក់គីអៅ (Pacquiao)ដែលត្រូវបានគេចាត់ទុក ជាកីឡាករប្រដាល់ជើងខ្លាំងម្នាក់ នៅក្នុងប្រវត្តិសាស្ត្រកីឡានេះ បានធំធាត់ឡើងនៅក្នុងគ្រួសារក្រីក្រមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ លោកបានចាប់ផ្តើមអាជីពជាកីឡាករប្រដាល់តាំងពីអាយុ១៦ឆ្នាំ។
គួរបញ្ជាក់ថា លោក ប៉ាក់គីអៅ ស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តដ៏ស្មោះត្រង់បំផុតរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដោយគាំទ្រយុទ្ធនាការបង្ក្រាបគ្រឿងញៀននិងគោលបំណង នៅក្នុងការអនុវត្តសាជាថ្មីនូវការកាត់ទោសប្រហារជីវិតរបស់មេដឹកនាំរូបនេះ។ ប៉ុន្តែទំនាក់ទំនងនយោបាយរបស់ពួកគេកាន់តែអាក្រក់ៗទៅបន្ទាប់ពីលោក ប៉ាក់គីអៅ (Pacquiao) បានរិះគន់ចំណងមិត្តភាពរបស់លោក ឌូតឺតេ ជាមួយចិន និងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល។
កាលពីខែកក្កដា លោក ប៉ាក់គីអៅ (Pacquiao)ត្រូវបានបណ្តេញចេញពីតំណែង ជាប្រធានគណបក្សកាន់អំណាចរបស់ហ្វីលីពីន៕
ប្រភព៖ Bangkok Post