លោក Colin Powell អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលមរណភាពដោយសារជំងឺកូវីដ១៩
អន្តរជាតិ
474

អន្តរជាតិ៖ លោក Colin Powell អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកស្បែកខ្មៅដំបូងគេ ដែលបានជួយរៀបចំគោលនយោបាយការបទេសអាមេរិកនៅសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលនៃបក្សសាធារណរដ្ឋ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវ័យ៨៤ឆ្នាំ។ នេះតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

បើតាមក្រុមគ្រួសារ បានបញ្ជាក់ថា លោក Colin Powell បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩គ្រប់ដូសរួចរាល់ហើយ។ ប៉ុន្ដែអតីតរដ្ឋមន្រ្ដីក្រសួងការបរទេសរូបនេះ បានទទួលមរណភាព កាលពីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

គួរបញ្ជាក់ថា លោក Powell គឺជាទាហានអាជីពដ៏លេចធ្លោ។ បេសកកម្មរបស់លោកនៅក្នុងសង្គ្រាមវៀតណាម បានប្រែក្លាយលោកទៅជាទីប្រឹក្សាសន្តិសុខជាតិស្បែកខ្មៅដំបូងគេនៅចុងបញ្ចប់នៃអាណត្តិប្រធានាធិបតី Ronald Reagan។ ហើយលោកជាប្រធានអគ្គសេនាធិការចម្រុះអាមេរិកស្បែកខ្មៅក្មេងជាងគេ ក្រោមការដឹកនាំរបស់ប្រធានាធិបតី George H.W. Bush។

បន្ទាប់ពីជ័យជម្នះរបស់សម្ព័ន្ធមិត្ត ដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងកំឡុងពេលសង្គ្រាមឈូងសមុទ្រ ប្រជាប្រិយភាពជាតិរបស់លោកបានកើនឡើងខ្លាំងនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ លោកត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៏សំខាន់ដើម្បីក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូងគេរបស់សហរដ្ឋអាមេរិក។

ទោះយ៉ាងណាក៏ដោយក្នុងនាមជារដ្ឋលេខាធិការទី១ របស់ប្រធានាធិបតី George H.W. Bush កេរ្តិ៍ឈ្មោះរបស់លោក តែងតែត្រូវបានបំផ្លាញដោយសារតែលោកបានជំរុញការស៊ើបការណ៍មិនពិតនៅចំពោះមុខអង្គការសហប្រជាជាតិ ដើម្បីតស៊ូមតិចំពោះសង្គ្រាមអ៊ីរ៉ាក់ដែលក្រោយមកលោកខ្លួនឯងបានចាត់ទុកថាជា «ស្នាមប្រឡាក់» នៅលើកំណត់ត្រារបស់លោក៕

ប្រភព៖ Bangkok Post

Telegram