រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយរាប់រយនាក់ ក្រោយរងសម្ពាធ ពីអាស៊ាន
អន្តរជាតិ
116

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានដោះលែងអ្នកទោសនយោបាយរាប់រយនាក់ពីពន្ធនាគារ រួមទាំងអ្នកនាំពាក្យគណបក្សលោកស្រីអ៊ុងសានស៊ូជី និងតារាកំប្លែងដ៏ល្បីឈ្មោះ ហ្សាហ្កាណា (Zarganar) ។ នេះបើតាមសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

ប៉ុន្មាននាទីបន្ទាប់ពីសុន្ទរកថារបស់មេដឹកនាំយោធាលោក មីន អ៊ុងឡាំង នៅថ្ងៃច័ន្ទទី ១៨ ខែតុលា ទូរទស្សន៍រដ្ឋបានប្រកាសថា មនុស្សជាង ៥.៦០០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារនឹងត្រូវបានដោះលែង ដោយការលើកលែងទោស ដោយផ្អែកលើហេតុផលមនុស្សធម៌។

ការដោះលែងអ្នកទោសនយោបាយនៅពេលនេះ ត្រូវបានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាយល់ថាជាការព្យាយាមមួយរបស់រដ្ឋាភិបាលយោធា ក្នុង ការស្ដារឡើងវិញនូវកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើឆាកអន្តរជាតិ ក្រោយអាស៊ានសម្រេចចិត្តដ៏កម្រ ដោយហាមមិនឱ្យលោក មីន អោង ហ្លេង ចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលានេះ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក Tom Andrews នៅលើបណ្តាញសង្គម Twitter បានស្វាគមន៍ចំពោះការដោះលែងនេះ ប៉ុន្តែបាននិយាយថា វាជារឿងហួសចិត្តដែលពួកគេត្រូវបានឃុំខ្លួន ។លោកបានមានប្រសាសន៍ថា«របបយោធាកំពុងដោះលែងអ្នកទោសនយោបាយនៅមីយ៉ាន់ម៉ា មិនមែនដោយសារតែការផ្លាស់ប្តូរចិត្តនោះទេ ប៉ុន្តែដោយសារតែសម្ពាធ»។

គួរបញ្ជាក់ថា អាស៊ានបានសម្រេចចិត្ត អញ្ជើញអ្នកតំណាងដែលមិនប្រកាន់និន្នាការនយោបាយ មកចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួននៅថ្ងៃទី ២៦-២៨ ខែតុលាជាការ មិនធ្លាប់មានពីមុនមក ចំពោះមេដឹកនាំយោធាដែលនៅពីក្រោយរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជី៕

ប្រភព៖ Channel News Asia

Telegram