កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងទៀតហើយចូលក្នុងសមុទ្រជប៉ុន ៖កូរ៉េខាងត្បូង
អន្តរជាតិ
121

សេអ៊ូល៖ មន្រ្តីនៅកូរ៉េខាងត្បូងនិងជប៉ុន បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងយ៉ាងតិចមួយគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅថ្ងៃអង្គារទី ១៩ ខែតុលានេះ ខណៈដែលទីក្រុងសេអ៊ូល បើកពិព័រណ៍អំពីវិស័យអវកាស និងការពារជាតិ (ADEX) ដ៏ធំប្រចាំឆ្នាំ២០២១។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

ការបាញ់សាកល្បង នៅថ្ងៃអង្គារនេះគឺជាការសាកល្បងអាវុធចុងក្រោយបង្អស់របស់កូរ៉េខាងជើង ដែលបានជំរុញការអភិវឌ្ឍ យោធា នៅចំពោះមុខទណ្ឌកម្មអន្តរជាតិ ដែលបានដាក់លើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង(JCS) បាននិយាយថា មីស៊ីលផ្លោងមួយគ្រាប់ត្រូវបានបាញ់បង្ហោះប្រហែលម៉ោង ១០.១៧ នាទីព្រឹកម៉ោងក្នុងស្រុកពីតំបន់ជិតស៊ីនប៉ូ ដែលកូរ៉េខាងជើង រក្សានាវាមុជទឹកក៏ដូចជាឧបករណ៍សម្រាប់បាញ់សាកល្បងមីស៊ីលផ្លោង ដែលបាញ់ចេញពីនាវាមុជទឹក។ កូរ៉េខាងជើងក៏បានបាញ់មីស៊ីលប្រភេទផ្សេងទៀតពីតំបន់នោះដែរ។

JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា« យោធារបស់យើងកំពុងឃ្លាំមើលស្ថានការណ៍យ៉ាងជិតស្និទ្ធនិងរក្សាជំហរត្រៀមខ្លួន ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួនសម្រាប់ការបាញ់បង្ហោះបន្ថែម» ។

នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បាននិយាយថា មីស៊ីលផ្លោងចំនួនពីរត្រូវបានគេរកឃើញ ហើយវាពិតជាគួរឱ្យសោកស្តាយដែលកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលជាច្រើនសប្តាហ៍ចុងក្រោយនេះ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ដោយដកស្រង់ប្រភពរដ្ឋាភិបាលថា ការបាញ់បង្ហោះនេះបានកើតឡើង ខណៈប្រមុខចារកម្ម អាមេរិកកូរ៉េខាងត្បូងនិងជប៉ុន គ្រោងជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាពីការប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងជើង ចំពេលមានបញ្ហាផ្សេងទៀត៕

ប្រភព៖​   Channel News Asia

Telegram