ទីក្រុងប៉េកាំង ទាមទារឱ្យអាមេរិក ផ្តល់ព័ត៌មានលម្អិតអំពីឧប្បត្តិហេតុ​ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
អន្តរជាតិ
112

ទីក្រុងប៉េកាំង៖ ក្រសួងការពារជាតិចិន បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុនាពេលថ្មីៗនេះ ជាមួយនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយទាមទារឱ្យសហរដ្ឋអាមេរិកផ្តល់ព័ត៌មានលំអិតអំពីគ្រោះថ្នាក់នេះក្នុងពេលឆាប់ៗនេះ។

បើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះថា អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា« ក្នុងនាមជាភាគីទទួលខុសត្រូវ អាមេរិកមានទំនួលខុសត្រូវនិងកាតព្វកិច្ចលម្អិតអំពីកាលៈទេសៈនៃឧប្បត្តិហេតុនេះ»។

លោកTanបានកត់សម្គាល់បន្ថែមទៀតថា ឧបទ្ទវហេតុនេះគឺជាលទ្ធផលផ្ទាល់ នៃគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់ ដែលអាមេរិកបានបញ្ជូននាវា យោធានិងយន្តហោះជាបន្តបន្ទាប់ ដើម្បីបត់បែនសាច់ដុំរបស់ពួកគេនិងបង្កបញ្ហា ... ក្នុងនាមសេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរ។

លោកបានបន្ថែមថា« យើងបានកត់សម្គាល់ឃើញថា យោធាអាមេរិក បានពន្យារពេលដោយចេតនានិងលាក់បាំងព័ត៌មានលម្អិតនៃហេតុការណ៍នេះ។ ការអនុវត្តដោយគ្មានការទទួលខុសត្រូវនិងសម្ងាត់ ដោយខ្វះតម្លាភាព អាចនាំឱ្យមានការយល់ច្រឡំនិងការគណនាខុស» ។

យោងតាមអ្នកនាំពាក្យបាននិយាយថា សកម្មភាពទាំងនេះ បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍ក្នុងតំបន់ ព្រមទាំងបង្កើនភាពតានតឹងក្នុងតំបន់។ លោក Tan បានទទូចឱ្យអាមេរិកបញ្ឈប់ការឈ្លបយកការណ៍ នៅជិតព្រំដែនប្រទេសចិន និងប្រាប់ឱ្យបានលំអិតអំពីឧប្បត្តិហេតុនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកំចាត់កង្វល់របស់ប្រទេសនៅក្នុងតំបន់។

គួរបញ្ជាក់ថា កាលពី​ថ្ងៃទី​៧ខែតុលា កងទ័ពជើងទឹកអាមេរិក បានរាយការណ៍ជាច្រើនថ្ងៃ បន្ទាប់ពីឧបទ្ទវហេតុនោះថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ខននិចធីខាត់ ដែលធ្វើដំណើរឆ្ពោះទៅកោះហ្គាំ បានបុកវត្ថុមួយ ខណៈកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិនៅសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំងបានរិះគន់« វិធីសាស្រ្តដែលមិនទទួលខុសត្រូវនិងសម្ងាត់»​របស់វ៉ាស៊ីនតោន ទាក់ទងនឹងបញ្ហានេះ៕

ប្រភព៖ Sputnik

Telegram