ប្រទេសឥណ្ឌា៖ មនុស្សជាង ១០០នាក់បានស្លាប់ក្នុងរយៈពេលជាច្រើនថ្ងៃ និងមានមនុស្សជាច្រើននាក់ទៀតបានបាត់ខ្លួន នៃគ្រោះទឹកជំនន់ដ៏ធំនិងការបាក់ដី ដែលបានបំផ្លិចបំផ្លាញផ្លូវថ្នល់និងផ្ទះសម្បែងនៅក្នុងប្រទេសឥណ្ឌានិងនេប៉ាល់ នេះបើយោងតាមមន្រ្តីបាននិយាយនៅថ្ងៃពុធនេះ ។
បើតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះថា នៅរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា អាជ្ញាធរ បាននិយាយថា មនុស្ស ៤៦ នាក់បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយ មានមនុស្ស១១ នាក់បានបាត់ខ្លួន។ នៅរដ្ឋ Kerala នាយករដ្ឋមន្រ្តី លោក Pinarayi Vijayan បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៩ នាក់នៅទីនោះ។
យ៉ាងហោចណាស់ មនុស្សចំនួន ៣០ នាក់នៅ Uttarakhand ត្រូវបានស្លាប់នៅក្នុងឧប្បត្តិហេតុចំនួន ៧ ដាច់ដោយឡែកពីគ្នានៅក្នុងតំបន់ Nainital នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីមាន ភ្លៀងធ្លាក់ខ្លាំង ដែលបង្កឱ្យមានការបាក់ដីជាបន្តបន្ទាប់ និងបំផ្លាញរចនាសម្ព័ន្ធជាច្រើន។
នៅប្រទេសនេប៉ាល់ មន្រ្តីផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ លោក Humkala Pandey បាននិយាយថា«ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ មានអ្នកស្លាប់ចំនួន ៣១នាក់ ដោយសារគ្រោះទឹកជំនន់ និងការបាក់ដី ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង និងមនុស្សចំនួន ៤៣ នាក់កំពុងបាត់ខ្លួន»៕
ប្រភព៖ Bangkok Post