អន្តរជាតិ៖ ទូរទស្សន៍រដ្ឋស៊ីរី បានរាយការណ៍ថា រថយន្តក្រុងមួយគ្រឿងដែលដឹកកងទ័ពត្រូវបានវាយប្រហារដោយការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់នៅក្នុងរដ្ឋធានីដាម៉ាស់នៅព្រឹកព្រលឹមថ្ងៃពុធនេះដោយបណ្តាលឲ្យមនុស្សយ៉ាងហោច១៤នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។ នេះបើតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។
យោងតាមទូរទស្សន៍រដ្ឋស៊ីរី គ្រាប់បែកចំនួន២គ្រាប់បានផ្ទុះ នៅពេលដែលរថយន្តក្រុងដឹកកងទ័ពស៊ីរីបានធ្វើដំណើរមកដល់ក្រោមស្ពានមួយកន្លែង ហើយគ្រាប់បែកទី៣ត្រូវបានគេរកឃើញ និងបំផ្លាញចោល។ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ការបំផ្ទុះនេះគឺជា «ការវាយប្រហារភេរវកម្ម» ។
បើទោះបីជាស៊ីរីបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលមួយទសវតរ្ស៍មកហើយក៏ដោយ ប៉ុន្តែការវាយប្រហារបែបនេះនៅក្នុងរដ្ឋធានីរបស់គេគឺកម្រកើតមានណាស់។
ការវាយប្រហារដោយគ្រាប់បែកនៅថ្ងៃពុធនេះត្រូវបានគេរាយការណ៍ថាជាហេតុការណ៍ដែលបានសម្លាប់មនុស្សច្រើនបំផុតនៅក្នុងរដ្ឋធានីដាម៉ាស់ចាប់តាំងពីខែមីនា ឆ្នាំ២០១៧មកដែលនៅពេលនោះមនុស្សយ៉ាងហោច៣១នាក់បានស្លាប់នៅក្នុងការវាយប្រហារអត្តឃាតដែលត្រូវបានក្រុមរដ្ឋអ៊ីស្លាមអះអាងថាគេជាអ្នកនៅពីក្រោយ។
សូមបញ្ជាក់ថា ភ្លាមៗនោះមិនទាន់មានក្រុមណាមួយចេញអះអាងទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែការសង្ស័យគឺធ្លាក់ទៅលើក្រុមរដ្ឋអ៊ីស្លាមដែលបានវាយប្រហាររថយន្តយោធាជាច្រើនលើកមកហើយនៅក្នុងភាគខាងកើតប្រទេសស៊ីរីក្នុងឆ្នាំនេះ៕
ប្រភព៖ Al Jazeera