កូរ៉េខាងត្បូង នឹងចូលរួមការប្រកួតប្រជែងអវកាស ជាមួយនឹងការបាញ់បង្ហោះរ៉ុក្កែតក្នុងស្រុកដំបូង
អន្តរជាតិ
303

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង មានបំណងចូលរួមក្នុងចំណាត់ថ្នាក់នៃប្រទេស ដែលមានអវកាសឈានមុខគេ នៅថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលានេះ គ្រោងនឹងធ្វើការបាញ់បង្ហោះ លើកដំបូងរបស់ខ្លួន ទៅកាន់ទីអវកាសនៃរ៉ុក្កែតដែលផលិតក្នុងស្រុក ក្នុងជំហានសំខាន់ឆ្ពោះទៅរកការចាប់ផ្តើមកម្មវិធីអវកាសរបស់ប្រទេស។

បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះថា វិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) បាននិយាយថា រ៉ុក្កែតដឹកជញ្ជូន ដែលត្រូវបានផលិតក្នុងស្រុក ជាលើកដំបូងរបស់កូរ៉េខាងត្បូង ត្រូវបានដឹកទៅទីតាំងបាញ់បង្ហោះនៅថ្ងៃពុធនេះ ក្នុងរយៈពេលមួយថ្ងៃមុនពេលចាប់ផ្តើមប្រតិបត្តិការ។

រ៉ុក្កែត អិនយូអាអាយ (NURI) ដែលត្រូវបានផលិតឡើងដោយវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េនេះ អាចផ្ទុកទម្ងន់បាន១.៥តោនដើម្បីបាញ់ចូលទៅក្នុងគន្លងតារាវិថីក្នុងរយៈកម្ពស់ពី៦០០ទៅ៨០០គីឡូម៉ែត្រពីលើផ្ទៃផែនដី។

រ៉ុក្កែតនេះត្រូវបានអភិវឌ្ឍឡើងដោយបច្ចេកវិជ្ជាផ្ទាល់របស់កូរ៉េខាងត្បូង ហើយវានឹងត្រូវដឹកផ្កាយរណបសិប្បនិម្មិតមួយដើមចូលទៅក្នុងលំហនៅថ្ងៃព្រហស្បតិ៍។

កូរ៉េខាងត្បូងបានបាញ់បង្ហោះរ៉ុក្កែតបែបនេះនៅក្នុងឆ្នាំ២០១៣ដោយបានអភិវឌ្ឍរួមគ្នាជាមួយរុស្ស៊ី បន្ទាប់ពីការសាកល្បងត្រូវបានបរាជ័យជាច្រើនលើក។

សូមបញ្ជាក់ថា វានឹងមានសារៈសំខាន់សម្រាប់ផែនការរបស់កូរ៉េខាងត្បូងនៅក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ចូលទៅក្នុងគន្លងតារាវិថីដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើងព្រោះបច្ចុប្បន្នកូរ៉េខាងត្បូងនៅតែពឹងផ្អែកស្ទើរទាំងស្រុងទៅលើសហរដ្ឋអាមេរិកចំពោះការប្រើផ្កាយរណបស៊ើបការណ៍ទៅលើកូរ៉េខាងជើង៕

ប្រភព៖ Channel News Asia

Telegram