អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បង្កើតបណ្តាញសង្គមផ្ទាល់ខ្លួន«TRUTH Social»ក្រោយ ខឹងFacebook , TwitterនិងYouTube បិទគណនីខ្លួន
អន្តរជាតិ
160

អន្តរជាតិ៖ ក្រោយពេលក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក ដូចជា Facebook , Twitter បានបិទគណនីរបស់ខ្លួន តាំងពីលោកនៅកាន់តែតំណែងជាប្រធានាធិបតី ធ្វើឲ្យលោក ដូណាល់ ត្រាំ មានការខឹងសម្បាយ៉ាងខ្លាំង ហើយចុងក្រោយ ទើបលោកបានសម្រេចចិត្ត បង្កើតបណ្ដាញសង្គមរបស់ផ្ទាល់ខ្លួនតែម្ដង។

សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះថា អតីតប្រធានាអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃពុធ សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា បណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកមានឈ្មោះថា «TRUTH Social» ឬអាចហៅយ៉ាងខ្លីថា «សង្គមពិត» នឹងត្រូវដាក់ឲ្យដំណើរការនៅពេលឆាប់ៗខាងមុខ។ បណ្ដាញសង្គម TRUTH Social នេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការ របស់ខ្លួន នៅខែក្រោយនេះ ហើយបណ្ដាញសង្គមថ្មីនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Trump Media & Technology Group (TMTG) ។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ខ្ញុំបង្កើតបណ្ដាញសង្គម «TRUTH Social និង TMTG ដើម្បីក្រោកឈរឡើង ប្រឆាំងនឹងការជិះជាន់ ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Facebook, Google, Twitter, Apple និង Amazon ជាដើម។ យើងរស់នៅលើពិភពលោក ដែលតាលីបង់មានវត្តមានយ៉ាងច្រើន នៅលើបណ្តាញសង្គម Twitter ។ ប៉ុន្តែប្រធានាធិបតីអាមេរិក ដែលអ្នកចូលចិត្ត ត្រូវបានបំបិទមាត់។ នេះជារឿងដែលមិនអាចទទួលយកបានទេ…»។

លោក ត្រាំ ត្រូវបានហាមឃាត់ពី Twitter និង Facebook បន្ទាប់ពី ក្រុមអ្នកគាំទ្ររបស់គាត់ បាននាំគ្នា ចូលទៅវាយប្រហារ នៅក្នុងវិមានរដ្ឋសភា (កាពីតូល) បណ្ដាលឲ្យមានអ្នកស្លាប់ និង រងរបួស កាលពី ថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ ក្រោយពេលប្រកាសលទ្ធផល នៃការចាញ់ឆ្នោតរបស់លោក ត្រាំ។

លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ ថា «ខ្ញុំពិតជារំភើប ក្នុងការផ្ញើការពិតជាលើកដំបូងរបស់ខ្ញុំ នៅលើបណ្តាញសង្គម TRUTH Social ក្នុងពេលឆាប់ៗនេះ។ TMTG (Trump Media & Technology Group ឬ ក្រុមហ៊ុនបច្ចេកវិទ្យា និងបណ្តាញសង្គម ត្រាំ ត្រូវបានបង្កើតឡើង ដោយស្ថិតក្នុងបេសកកម្មផ្តល់សំឡេង ដល់អ្នកទាំងអស់គ្នា។ មនុស្សគ្រប់គ្នាសួរខ្ញុំថា ហេតុអ្វីបានជាមិនមានអ្នកណាម្នាក់ ងើបឈរតតាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះ? ដោយសារតែករណីនេះ ទើបយើងនឹងធ្វើវាឲ្យបាន ក្នុងពេលឆាប់ៗនេះ »។

គួរបញ្ជាក់ថា គណនី Facebook, YouTube និង Twitter របស់លោក ដូណាល់ ត្រាំ ត្រូវបានបិទ អស់ ក្រោយក្រុមបាតុករគាំទ្រលោក បានធ្វើបាតុកម្ម ចូលលុកលុយ នៅក្នុងវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ អំពើហិង្សានេះ បាននាំឲ្យមានការស្តីបន្ទោសចំៗដល់លោក ត្រាំ ថា ជាអ្នកបង្ហោះសារ ដុតកំហឹងបាតុករ នាំឲ្យសហរដ្ឋអាមេរិក អាប់មុខមាត់យ៉ាងខ្លាំង នៅលើឆាកអន្តរជាតិ។ សំឡេងរបស់លោក ត្រាំ ត្រូវបានបញ្ចេញទៅកាន់សាធារណជន នៅ តាម បណ្តាញសារព័ត៌មាន និងសេចក្តីថ្លែងការណ៍ ចេញពីការិយាល័យផ្លូវការរបស់លោក ៕

ប្រភព៖ BBC

Telegram