អំពើឃោរឃៅរដ្ឋប្រហារនៅមីយ៉ាន់ម៉ា៖ ប៉ូលិសបាញ់សម្លាប់ក្មេងស្រីអាយុ ៧ឆ្នាំ ម្នាក់ ក្នុងចំណោមអ្នកស្លាប់កើនឡើងដល់ ២៦០នាក់
អន្តរជាតិ
144

អន្តរជាតិ៖ សារព័ត៌មាន irrawaddy បានចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា បន្ទាប់ពីមនុស្ស ៣ នាក់បន្ថែមទៀត រួមទាំងក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងទីក្រុងម៉ាន់ដាឡាយ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ កើនឡើងដល់ ២៦០ នាក់កាលពីថ្ងៃអង្គារម្សិលមិញនេះ។

ចាប់តាំងពីថ្ងៃទី ២១ខែមីនាមក កម្លាំងសន្តិសុខរបស់របបយោធា បានធ្វើការវាយឆ្មក់ជាបន្តបន្ទាប់នៅក្នុងសង្កាត់ជាច្រើន នៅក្រុង Chanmyathazi រួមមានទីក្រុង Aung Pin Lae, Aung Tharyar និង Mya Yi Nandar។

ក្នុងអំឡុងពេលនៃការវាយឆ្មក់នៅក្នុងទីក្រុងធំបំផុតទី ២របស់ប្រទេសមីយ៉ាន់ម៉ានេះ ប៉ូលិសប្រឆាំងកុបកម្មនិងទាហានបានប្រើការបាញ់គ្រាប់កាំភ្លើងជ័រ គ្រាប់បែកដៃនិងឧស្ម័នបង្ហូរទឹកភ្នែក។

អ្នកស្រុកនៅម៉ាន់ដាឡាយ បាននិយាយប្រាប់សារព័ត៌មាន T he Irrawaddy កាលពីថ្ងៃអង្គារថា ប៉ូលិសនិងទាហានបានបើកការបាញ់កាំភ្លើងទៅលើអ្នកឈរនិងអ្នកថ្មើរជើងដែលពួកគេបានឃើញនៅតាមដងផ្លូវនិងផ្លូវថ្នល់។

ក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ ត្រូវបានទាហានបាញ់សម្លាប់ អំឡុងការឆ្មក់ចូលផ្ទះមួយកន្លែងនៅឯ Aung Pin Lae ក្នុងសង្កាត់ Chanmyathazi កាលពីរសៀលថ្ងៃអង្គារ។ ក្មេងស្រីគួរឱ្យស្រឡាញ់ ត្រូវបានគេបាញ់សម្លាប់ ខណៈពេលកំពុងឱបឪពុករបស់នាង។ បុរសអាយុ ១៩ ឆ្នាំ ដែលត្រូវជាបងប្រុសរបស់ក្មេងស្រីរងគ្រោះ ត្រូវបានកម្លាំងសន្តិសុខវាយនិងចាប់ឃុំខ្លួន ។

បុរសអាយុ ២៥ ឆ្នាំម្នាក់ ត្រូវបានកម្លាំងសន្តិសុខ បាញ់ចំក្បាល និងមនុស្ស ៣ នាក់ផ្សេងទៀតបានរងរបួស អំឡុងការវាយឆ្មក់នៅ សង្កាត់ Aung Pin Lae នៅពេលល្ងាច។ និងយុវជន អាយុ ២១ ឆ្នាំ ក៏ត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់នៅក្នុងសង្កាត់ Chanmyathazi ខណៈពេលដែលគេ ឈរនៅមុខផ្ទះ ។

លោកKo Than Naing Htun ដែលជាបងប្រុសរបស់ជនរងគ្រោះបានប្រាប់សារព័ត៌មាន The Irrawaddy ថា ប្អូនប្រុសរបស់គាត់ត្រូវបានសម្លាប់ដោយចេតនាពីសំណាក់សន្តិសុខនៅពេលដែលគាត់កំពុងឈរហើយរត់ចូលទៅក្នុងផ្ទះ។ «គ្មានពាក្យអ្វីត្រូវពិពណ៌នាអំពីអាកប្បកិរិយាព្រៃផ្សៃរបស់ពួកគេទេ (ប៉ូលីសនិងទាហាន) ។ យើងអាច មានសន្តិភាពតែប៉ុណ្ណោះ បើគ្មានពួកគេនៅក្នុងប្រទេសរបស់យើងទេ»។

លោកក៏បានបន្ថែមទៀតថា«យើងចង់បានតែរដ្ឋាភិបាលដែលយើងបានបោះឆ្នោត។ យើងមិនចង់បានរដ្ឋាភិបាលប្រភេទនេះ ដែលដណ្តើមអំណាចដោយកម្លាំងទេ»។

គួររម្លឹកថា កាលពីថ្ងៃច័ន្ទ កងកំលាំងសន្តិសុខ បានបើកការបាញ់ប្រហារនៅក្នុង ទីក្រុងម៉ាន់ដាឡាយពេញមួយថ្ងៃ។

ក្នុងអំឡុងពេលនៃការវាយឆ្មក់ ប៉ូលីសនិងទាហានបានដុតបំផ្លាញរបាំងបិទផ្លូវ ដែលត្រូវបានតំឡើងដោយអ្នកស្រុក ដើម្បីការពារការចូលទៅកាន់សង្កាត់របស់ពួកគេ។ កម្លាំងសន្តិសុខក៏បានបំផ្លាញរថយន្តជាច្រើនដែលជាកម្មសិទ្ធិរបស់អ្នកស្រុកនិងផ្ទះដែលខូចខាតផងដែរ។

មនុស្សប្រហែល ៧ នាក់ ត្រូវបានបាញ់សម្លាប់និងជាង ៥០ នាក់ បានរងរបួសនៅក្នុងការវាយឆ្មក់កាលពីថ្ងៃច័ន្ទ។

នៅយប់ថ្ងៃអាទិត្យមនុស្ស ៨ នាក់ ត្រូវបានសម្លាប់ និងជាង ៣០នាក់បានរងរបួស នៅពេលដែលប៉ូលីសនិងទាហានបានបើកការបាញ់ប្រហារ ដោយប្រើអាវុធស្វ័យប្រវត្តិ អំឡុងការវាយឆ្មក់នៅតំបន់ Aung Pin Lae និងទីតាំងមួយផ្សេងទៀតនៅសង្កាត់ Chanmyathazi ។

ការបាញ់ប្រហារបានកើតឡើង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នា រវាងកងកំលាំងសន្តិសុខ និងក្រុមបាតុករ ប្រឆាំងនឹងរបបដែលបានធ្វើឱ្យបាតុករម្នាក់ស្លាប់និងជាច្រើននាក់ទៀតរងរបួសកាលពីព្រឹកថ្ងៃអាទិត្យ។

ក្រុមសប្បុរសធម៌ដែលបានជួយអ្នកតវ៉ាដែលរងរបួសនិងផ្តល់សេវាបុណ្យសពដល់អ្នកស្លាប់ បានប្រាប់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃអង្គារថា សាកសពអ្នករត់តុ អាយុ ១៦ឆ្នាំ ដែលត្រូវបានសម្លាប់កាលពីយប់ថ្ងៃអាទិត្យ ត្រូវបានកម្លាំងយកទៅទុកនៅរសៀលថ្ងៃច័ន្ទ នៅពេលកម្លាំងសន្តិសុខបានរំខាននៃពិធីបុណ្យសព។

«ពួកគេ (ប៉ូលីសនិងទាហាន) ហាក់ដូចជាមិនធម្មតា។ ពួកគេកំពុងបាញ់មនុស្សគ្រប់រូបដែលពួកគេបានឃើញនៅតាមដងផ្លូវ»។

លោកបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងទីក្រុងអាចខ្ពស់ជាងចំនួនដែលបានរាយការណ៍ ខណៈដែលអ្នករងរបួសជាច្រើនកំពុងលាក់ខ្លួនដោយសារតែខ្លាចការចាប់ខ្លួន។

ចំពេលការបង្ក្រាបដ៏សាហាវនេះប្រជាជនរាប់ម៉ឺននាក់នៅទូទាំងប្រទេសមីយ៉ាន់ម៉ានៅតែបន្តធ្វើដំណើរតាមផ្លូវទាំងយប់ទាំងថ្ងៃដោយប្រឆាំងនឹងរបបយោធា៕ ប្រភព៖ irrawaddy

Telegram