នាយករដ្ឋមន្ត្រីថៃ ដាក់ កម្ពុជា ក្នុងបញ្ជីប្រទេស«មានហានិភ័យកូវីដ១៩ទាប»ក្នុងចំណោមភ្ញៀវមកពីប្រទេស៤៥ ដែលមិនតម្រូវឱ្យធ្វើចត្តាឡីស័ក
អន្តរជាតិ
225

បាងកក៖ អ្នកដំណើរមកពីប្រទេសដែលមានហានិភ័យទាបចំនួន ៤៥ ដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងអាចចូលប្រទេសថៃបាន ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ប្រសិនបើពួកគេចូលមកតាមផ្លូវអាកាស ហើយធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ។ ការ ប្រកាស នេះ ត្រូវ បាន ធ្វើ ឡើង កាល ពី ថ្ងៃ ព្រហស្បតិ៍ (២១ តុលា) ដោយ នាយក រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅ លើ ទំព័រ ហ្វេសប៊ុក របស់ លោក។

បើតាមសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះថា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា៖ «ប្រទេសថៃត្រូវមានសកម្មភាពលឿនជាងមុន ហើយចាប់ផ្ដើមពីឥឡូវ ពីព្រោះបើរង់ចាំអ្វីៗគ្រប់យ៉ាងល្អឥតខ្ចោះនេះវានឹងហួសពេល»

យោងតាម រដ្ឋលេខាធិការក្រសួងការបរទេសថៃ បានឲ្យដឹងថា អ្នកដំណើរបរទេសទាំងនោះ ត្រូវតែស្នាក់នៅក្នុងប្រទេស ឬដែនដីដែលថៃអនុញ្ញាតយ៉ាងហោចណាស់២១ថ្ងៃ ហើយក៏ត្រូវធ្វើតេស្តRT-PCR មុនពេលធ្វើដំណើររយៈពេល ៧២ម៉ោង។ នៅពេលដែលអ្នកដំណើរមកដល់ប្រទេសថៃ ពួកគេនឹងតម្រូវឱ្យធ្វើតេស្តRT-PCR ហើយតម្រូវឱ្យស្នាក់នៅសណ្ឋាគារមួយយប់ដើម្បីរង់ចាំលទ្ធផល។ ក្នុងនោះក៏តម្រូវឱ្យអ្នកដំណើរមានធានារ៉ាប់រង ដែលមានតម្លៃ ៥០០០០ដុល្លារផងដែរ។

យោងតាមនាយករដ្ឋមន្ត្រី ផែនការនេះត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីប្រទេសមួយចំនួនបានប្រកាសថា ពួកគេក៏នឹងចាប់ផ្តើមបើកព្រំដែនឡើងវិញ និងបន្ធូរបន្ថយវិធានការផ្សេងៗ ដើម្បីស្វាគមន៍អ្នកធ្វើដំណើរអន្តរជាតិត្រឡប់មកវិញ។

គួរបញ្ជាក់ថា បញ្ជីឈ្មោះប្រទេសទាំង៤៥ ដែលរដ្ឋាភិបាលថៃ បានអនុម័តចេញនោះក៏មានកម្ពុជាផងដែរ។ ដោយក្នុងនោះ ប្រទេសក្នុងអាស៊ានមានតែ កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងព្រុយណេ តែប៉ុណ្ណោះ ដែលថៃអនុញ្ញាតឱ្យចូលដោយមិនបាច់ធ្វើចត្តាឡីស័ក៕

ប្រភព​៖  Channel News Asia

Telegram