អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែតុលានេះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានអំពាវនាវដល់ប្រទេសចិនឱ្យរកវិធីសន្តិវិធី ដើម្បីដោះស្រាយជម្លោះរបស់ខ្លួនជាមួយកោះតៃវ៉ាន់ ដោយព្រមានថា ការលុកលុយរបស់ចិនចូលទៅក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ គឺមានគ្រោះថ្នាក់ និងអាចបង្កឱ្យមានជម្លោះ។
រដ្ឋធានីភាគខាងលិច និង ទីក្រុងតៃប៉ិ កំពុងស្ថិតក្នុងការប្រុងប្រយ័ត្ន បន្ទាប់ពីកងទ័ពអាកាសចិនបានបង្កើនការហោះហើររបស់ខ្លួន កាលពីថ្ងៃទី ១ខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានប្រាប់អ្នកយកព័ត៌មានថា៖« ចិនកំពុងដាក់ឥរិយាបថយោធា ដូចដែលយើងបានឃើញ។ យើងគិតថា វាមិនសមហេតុផល» ។ លោកបាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្រុចសែល សម្រាប់កិច្ចប្រជុំរបស់អង្គការណាតូ ដែលមិនត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីប្រទេសចិន ឬ តៃវ៉ាន់ថា៖«ចិនកំពុងស្ថិតក្នុងគ្រោះថ្នាក់ នៃការធ្វើឱ្យអស្ថិរភាពក្នុងតំបន់, ចិនស្ថិតក្នុងគ្រោះថ្នាក់នៃការបង្កជម្លោះបន្ថែមទៀតនៅក្នុងតំបន់ជម្លោះផ្សេងទៀត»។
ទន្ទឹមនឹងនេះ អ្នកជំនាញខាងយោធាក៏បាននិយាយថា ការហោះហើរហួសដែនកំណត់នៃយន្តហោះទម្លាក់គ្រាប់បែករបស់ចិន និង ការបញ្ចេញយន្តហោះរបស់តៃវ៉ាន់ជាការឆ្លើយតបទៅកាន់ចិន នឹងបង្កើនឱ្យមានហានិភ័យនៃឧបទ្ទវហេតុ ឬ ការគណនាខុសដែលអាចបណ្តាលឱ្យមានវិបត្តិ។
ប្រធានាធិបតីចិនលោក Xi Jinping បានប្តេជ្ញានៅថ្ងៃទី ៩ ខែតុលា ដើម្បីសម្រេចបាន «ការបង្រួបបង្រួមដោយសន្តិភាព» ជាមួយតៃវ៉ាន់ ហើយលោកមិនបាននិយាយដោយផ្ទាល់អំពីការប្រើប្រាស់កម្លាំងនោះទេ។ ប៉ុន្តែតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានស្ថិតក្រោមសម្ពាធផ្នែកយោធា និង នយោបាយ កាន់តែកើនឡើងពីទីក្រុងប៉េកាំង ដើម្បីទទួលយកអធិបតេយ្យភាពរបស់ខ្លួនលើកោះនេះ ដែលខ្លួនចាត់ទុកថា ជាខេត្តដែលផ្តាច់ខ្លួនចេញ។ ទីក្រុងតៃប៉ិ បានសន្យាខ្លួនមិនឱនក្បាលចំពោះចិនឡើយនិងការពារសេរីភាពរបស់ខ្លួន៕
ប្រភព.៖ Channel News Asia