អន្តរជាតិ៖ អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសុក្រ (ទី២២ខែតុលា) ថា ខ្លួនមានការភ័យខ្លាច ចំពោះមហន្តរាយសិទ្ធិមនុស្សកាន់តែខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានសេចក្តីរាយការណ៍អំពីទាហានរាប់ពាន់នាក់ដែលប្រមូលផ្តុំគ្នានៅភាគខាងជើង នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលមានភាពវឹកវរចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ។ នេះបើតាមសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា លោក Tom Andrews បាននិយាយថា« យើងទាំងអស់គ្នាគួរតែត្រៀមខ្លួន ខណៈដែលប្រជាជននៅក្នុងផ្នែកនេះនៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានរៀបចំសម្រាប់ឧក្រិដ្ឋកម្មដ៏ឃោរឃៅកាន់តែច្រើន។ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាខ្ញុំគិតខុស»។
លោក Tom Andrews ដែលកំពុងរៀបរៀបរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ស្តីពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់មហាសន្និបាត UN បាននិយាយបន្ថែមថា លោកបានទទួលព័ត៌មានអំពីកងទ័ពរាប់ពាន់នាក់ កំពុងប្រមូលផ្ដុំគ្នានៅតំបន់ភាគខាងជើង និងភាគពាយ័ព្យនៃប្រទេសមីយ៉ាន់ម៉ា។ លោកបានបន្តថា ការរកឃើញនេះក៏បានបង្ហាញផងដែរថា របបយោធាបានជាប់ពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
គួរបញ្ជាក់តាមក្រុមអ្នកឃ្លាំមើលស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ាឲ្យដឹងថា រហូតមកទល់ពេលនេះ ជនស៊ីវិលជាង ១,១០០នាក់ហើយបានស្លាប់ នៅក្នុងការបង្ក្រាបជាបន្តបន្ទាប់នៅទូទាំងប្រទេសនេះ ខណៈមនុស្សជាង ៨,០០០នាក់ទៀត ត្រូវបានចាប់ខ្លួន (ក្នុងនោះខ្លះត្រូវបានដោះលែងវិញហើយ) គិតចាប់តាំងពីការកើតមានរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១៕
ប្រភព៖ Channel News Asia