ជប៉ុន ធ្វើសមយុទ្ធយោធាទូទាំងប្រទេសទ្រង់ទ្រាយធំលើកដំបូង ចំពេលភាពតានតឹងក្នុងតំបន់កើនឡើង
អន្តរជាតិ
170

អន្តរជាតិ៖ ជាលើកដំបូង ក្នុងរយៈពេលជិត៣០ឆ្នាំ កងកម្លាំងស្វ័យការពារជើងគោក របស់ជប៉ុន (GSDF) កំពុងធ្វើសមយុទ្ធយោធាទូទាំងប្រទេសដ៏ធំមួយ ដើម្បីរៀបចំកងទ័ពសម្រាប់ជម្លោះដែលអាចកើតមាន។ ចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក ទាហាន ប្រហែល១០០,០០០នាក់ , រថពាសដែក ២០,០០០គ្រឿង និងយន្តហោះចម្បាំងចំនួន១២០គ្រឿង បាននឹងកំពុងចូលរួមក្នុងសមយុទ្ធផ្សេងៗ នៅទូទាំងប្រទេស ដែលផ្តោតលើការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានក្លាយជាចំណុចស្នូលនៃភាពតានតឹង ដោយមន្ត្រីកងកម្លាំងស្វ័យការពារជើងគោក របស់ជប៉ុន(GSDF) បាននិយាយថា បរិយាកាសសន្តិសុខជុំវិញប្រទេសជប៉ុន គឺអាក្រក់បំផុត ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក។

លោក Col. Noriko Yokota អ្នកនាំពាក្យ GSDF បាននិយាយថា«សមយុទ្ធកងកម្លាំងស្វ័យការពារជើងគោកនេះ គឺពិតជាផ្តោតលើការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ការរារាំង និងសមត្ថភាពឆ្លើយតប»។ ​

កាលពីដើមសប្តាហ៍នេះ ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យ នូវកាំជ្រួចផ្លោងថ្មីមួយចេញពីនាវាមុជទឹក ដែលបានចុះចតនៅសមុទ្រជប៉ុន ឬហៅថាសមុទ្រខាងកើត។ ទន្ទឹមនឹងនេះ ភាគខាងត្បូងបន្ថែមទៀត ប្រទេសចិនបាននិងកំពុងបង្កើនសម្ពាធលើកោះតៃវ៉ាន់ ដោយ បញ្ជូនយន្តហោះយោធា ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះមួយនេះ ។

លោកឧត្តមសេនីយ៍ឯក Yuichi Togashi មេបញ្ជាការកងពលធំទី២ នៃ GSDF បាននិយាយថា «បរិយាកាសសន្តិសុខបច្ចុប្បន្នជុំវិញប្រទេសជប៉ុនគឺធ្ងន់ធ្ងរខ្លាំងណាស់»«យើងជាកងកម្លាំងស្វ័យការពារ តម្រូវឱ្យបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការ»។ មន្ត្រី GSDF និយាយថា សមយុទ្ធនេះ មិនធ្វើឡើងដើម្បីរៀបចំសម្រាប់ជម្លោះដែលអាចកើតមាននៅក្នុងតំបន់ជាក់លាក់ណាមួយ ឬប្រឆាំងនឹងប្រទេសណាមួយនោះទេ។

ប៉ុន្តែការហ្វឹកហ្វឺន នៅតំបន់ Hijudai Manuvering មានស្ថានភាពស្រដៀងគ្នានឹងអ្វីដែលកងទ័ពនឹងជួបប្រទះ ប្រសិនបើ សង្រ្គាមផ្ទុះឡើងនៅកោះភាគខាងត្បូងរបស់ជប៉ុន។ នោះរាប់បញ្ចូលទាំង កោះ Senkaku ដែលជាខ្សែសង្វាក់កោះថ្មដែលគ្មានមនុស្សរស់នៅ នៅសមុទ្រចិនខាងកើត ដែលគ្រប់គ្រងដោយទីក្រុងតូក្យូ ប៉ុន្តែត្រូវបានទាមទារដោយទីក្រុងប៉េកាំង ដែលកោះទាំងនោះត្រូវបានគេស្គាល់ថា កោះ Diayou ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi ថ្មីៗនេះបានប្រាប់ CNN ថា កោះទាំងនោះគឺជា ទឹកដីរបស់ជប៉ុន ដែលមិនអាចប្រកែកបាន ហើយនឹងត្រូវបានការពារដូចនោះ។ ក្នុងនាមជាក្រសួងការពារជាតិរបស់ប្រទេសជប៉ុន និងកងកម្លាំងស្វ័យការពារ យើងត្រូវកសាងសមត្ថភាពយោធាផ្ទាល់ខ្លួនរបស់យើង ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ»៕

ប្រភព៖ CNN

Telegram