​លោក ចូ បៃដិន ​ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកដំបូង ក្រោយអវត្តមានប្រធានាធិបតីអាមេរិក៤ឆ្នាំ
អន្តរជាតិ
123

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃអង្គារ (ទី២៦ ខែតុលា) ដែលជាលើកទីមួយ ក្នុងរយៈពេលបួនឆ្នាំ ដែលទីក្រុងវ៉ាស៊ីនតោន នឹងចូលរួមនៅកម្រិតកំពូលជាមួយប្លុកដែលខ្លួនមើលឃើញថាជាគន្លឹះ ចំពោះយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការរុញច្រាន ប្រឆាំងនឹងចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

ស្ថានទូតអាមេរិកប្រចាំប្រទេសប្រ៊ុយណេ បានប្រាប់រ៉យទ័រថា លោក បៃដិន នឹងដឹកនាំគណៈប្រតិភូអាមេរិក សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ដែលជាផ្នែកនៃកិច្ចប្រជុំជាបន្តបន្ទាប់របស់មេដឹកនាំអាស៊ានក្នុងសប្តាហ៍នេះ។ សហរដ្ឋ​អាមេរិក​ មិន​បាន​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ថ្នាក់​ប្រធានា​ធិបតី​ទេ ចាប់​តាំង​ពី​អ្នក​កាន់​តំណែង​មុន​របស់​លោក បៃដិន គឺ​លោក ដូណាល់ ត្រាំ បាន​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អាមេរិក ​នៅ​ទីក្រុង​ម៉ានីល​ក្នុង​ឆ្នាំ ២០១៧។

អ្នកវិភាគនិយាយថា កិច្ចប្រជុំរបស់លោក បៃដិន ជាមួយប្លុក១០ប្រទេស ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់លោក ក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ដើម្បីរុញច្រានប្រឆាំងនឹងប្រទេសចិន។

ពួកគេរំពឹងថាលោក បៃដិន នឹងផ្តោតលើកិច្ចសហការលើការចែកចាយវ៉ាក់សាំង COVID-19 ការប្រែប្រួលអាកាសធាតុ ខ្សែសង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះ លោកក៏ត្រូវបានគេរំពឹងថា នឹងធានាដល់អាស៊ានថា ការផ្តោតអារម្មណ៍របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ លើការចូលរួមជាមួយឥណ្ឌា ជប៉ុន និងអូស្ត្រាលី ក្នុងទម្រង់ Quad និងកិច្ចព្រមព្រៀងផ្គត់ផ្គង់ អូស្ត្រាលី នូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ មិនមែនមានបំណងជំនួសតួនាទីកណ្តាលរបស់អាស៊ាននៅក្នុងតំបន់នោះទេ។

តាមរ៉យទ័រ លោក Murray Hiebert សហការីជាន់ខ្ពស់ជាមួយកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និង សិក្សាផ្តល់យោបល់របស់ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា៖« នេះនឹងក្លាយជាកិច្ចប្រជុំលើកដំបូងរបស់លោក បៃដិន ជាមួយមេដឹកនាំអាស៊ានក្នុងនាមជាប្រធានាធិបតី ដូច្នេះលោកនឹងចង់ធានាពួកគេថាអាស៊ីអាគ្នេយ៍មានសារសំខាន់ចំពោះរដ្ឋបាលរបស់លោក។

​គួរបញ្ជាក់ថា កិច្ចប្រជុំអាស៊ាននឹងប្រព្រឹត្តទៅដោយគ្មានមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ដែលបានផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលនៅថ្ងៃទី ១ ខែកុម្ភៈ ។ ជំនួសមកវិញ អ្នកការទូតជើងចាស់មីយ៉ាន់ម៉ាឈ្មោះថា Chan Aye ត្រូវបានរាយការណ៍ថា ត្រូវបានអញ្ជើញចូលរួម ក្នុងនាមជាអ្នកតំណាងមិននយោបាយ តែបច្ចុប្បន្នគេនៅមិនទាន់ច្បាស់ថា លោក Chan Aye នឹងមានវត្តមានឬអត់ទេ។ ដូចយ៉ាងក្រសួងការបរទេសមីយ៉ាន់ម៉ា បានអះអាងកាលពីយ​ប់ថ្ងៃចន្ទថា ខ្លួនបានប្រាប់ទៅប្រធានអាស៊ាន ព្រុយណេ ថា ខ្លួនអាចទទួលយកការចូលរួមថ្នាក់តំណាងរដ្ឋមន្ត្រី ឬឧត្តមសេនីយ៍តែប៉ុណ្ណោះ៕

ប្រភព៖  Channel News Asia

Telegram