មន្ទីរបញ្ចកោណ៖ អាមេរិកគ្មានឈឺក្បាល ជាមួយសមយុទ្ធយោធារុស្ស៊ី-ចិន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នោះឡើយ
អន្តរជាតិ
235

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បាននិយាយនៅថ្ងៃចន្ទ ទី២៥ ខែតុលានេះថា សហរដ្ឋអាមេរិក មិនមានបញ្ហាអ្វីនោះទេ ជាមួយនឹងសមយុទ្ធយោធារួមគ្នារវាងរុស្ស៊ី និងចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

បើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Kirby ត្រូវគេបានសួរថា តើក្រសួងការពារជាតិ មានការព្រួយបារម្ភអំពីសមយុទ្ធយោធារួមរុស្ស៊ី-ចិន? លោកបាននិយាយថា«យើងមិនមានបញ្ហាជាមួយសមយុទ្ធយោធានោះទេ ។ ពួកគេច្បាស់ណាស់ បានសម្រេចចិត្តថា ពួកគេត្រូវការធ្វើប្រតិបត្តិការជាមួយគ្នា ហ្វឹកហ្វឺន ជាមួយគ្នា ហើយខ្ញុំគិតថាពួកគេគួរតែនិយាយសម្រាប់រឿងនោះ»។ លោក Kirby បានបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តពង្រឹងសមត្ថភាពរបស់ខ្លួន និងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់។

កាលពីចុងសប្តាហ៍កន្លងទៅ ទីក្រុងមូស្គូបាននិយាយថា នាវាចម្បាំងរុស្ស៊ី និងចិន បានធ្វើដំណើររួមគ្នា លើកដំបូងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយនាវាទាំងនោះឆ្លងកាត់ដែនទឹកអន្តរជាតិនៃច្រកសមុទ្រ Tsugaru ក្នុងសមុទ្រជប៉ុន។

ទីក្រុងតូក្យូ បាននិយាយថា នាវាចម្បាំងក៏បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Osumi ហើយយោធាជប៉ុន បានកត់សម្គាល់យន្តហោះចម្បាំងដែលហោះចេញពី និងចុះចតនៅលើនាវានៃនាវាពិឃាតចិន នៅជិតកោះ Danjo ។ ជាការឆ្លើយតប កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន បានហោះឆ្វែល យន្តហោះចម្បាំងទាំងនោះ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីនិងចិន បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រជប៉ុន ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករវាងប្រទេសទាំងពីរចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែតុលា ។ ការធ្វើសមយុទ្ធយោធានេះមានការចូលរួមពីនាវានៃកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ីដែលរួមមាននាវាប្រឆាំងនាវាមុជទឹក, កងនាវាអម, នាវាកម្ទេចមីនក្នុងទឹក និងកងនាវាចម្បាំង៕

ប្រភព៖ Sputnik

Telegram