អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃអង្គារ (ទី២៦ ខែតុលា) ថា មេដឹកនាំដែលត្រូវបានបណ្តេញចេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានបដិសេធការចោទប្រកាន់ពីបទ«ញុះញង់»នៅក្នុងការផ្តល់សក្ខីកម្មនៅតុលាការលើកដំបូង ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ បានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពវឹកវរ និងបញ្ចប់រយៈពេលមួយទសវត្សរ៍នៃកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។
បើតាមសារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយដកស្រង់សម្តីមេធាវី ភ្នាក់ងារសារព័ត៌មាន BBC Burmese និង Myanmar Now បានរាយការណ៍ថា លោកស្រី អ៊ុងសាន ស៊ូជី បានបដិសេធការ«ញុះញង់»ទាក់ទងនឹងគណបក្សរបស់លោកស្រី ដែលបានបោះពុម្ពលិខិតមួយកាលពីខែកុម្ភៈ ដោយអំពាវនាវឱ្យអង្គការអន្តរជាតិ កុំសហការជាមួយរបបយោធា។
ប្រភពដែលដឹងអំពីករណីនេះបានប្រាប់ AFP ថា លោកស្រី អ៊ុងសាន សូជី«បានថ្លែងសុន្ទរកថានៅតុលាការដោយខ្លួនឯង»។ ប្រភពបាននិយាយថា ខ្លឹមសារនៃសក្ខីកម្មរបស់លោកស្រីកាលពីថ្ងៃអង្គារ«មិនអាចត្រូវបានបង្ហាញបានទេ» រហូតទាល់តែតុលាការ បានបញ្ជាក់ពីពួកគេ ដោយបន្ថែមថា រឿងនេះត្រូវបានគេរំពឹងទុកនៅសប្តាហ៍ក្រោយ។
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសកាលពីខែមិថុនា ពោលគឺរយៈពេលបួនខែ បន្ទាប់ពីលោកស្រី ត្រូវបានចាប់ខ្លួន ហើយប្រឈមមុខនឹងការចោទប្រកាន់ដែលអាចឃើញលោកស្រីជាប់គុកជាច្រើនទសវត្សរ៍។
ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានរារាំងមិនឱ្យចូលរួមក្នុងការកាត់ក្តីរបស់លោកស្រី ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់មីយ៉ាន់ម៉ា មិនបានរាយការណ៍អំពីការវិវត្ត នៅក្នុងសំណុំរឿងផ្លូវច្បាប់ជាច្រើនរបស់លោកស្រីនោះទេ៕
ប្រភព៖ Channel News Asia