តូក្យូ៖ ព្រះនាងម្ចាស់ជប៉ុន ម៉ាកុ (Mako) បានចាកចេញពីគ្រួសាររាជវង្សជប៉ុនជាផ្លូវការហើយ បន្ទាប់ពីព្រះនាងបានរៀបការជាមួយបុរសជារាស្ត្រសាមញ្ញម្នាក់ បើទោះជាកន្លងមកមានការជំទាស់ ពីប្រជាជនជប៉ុនមួយចំនួនធំក៏ដោយ។ អ្នកទាំងពីរនឹងត្រូវទៅរស់សាងជីវិតថ្មីនៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។
នៅក្នុងសន្និសីទសារព័ត៌មានជាមួយស្វាមីគឺលោក កេអ៊ិ កូមូរ៉ុ (Kei Komuro) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ព្រះនាងម្ចាស់ជប៉ុន Mako ដែលបច្ចុប្បន្នកា្លយជាជនសាមញ្ញម្នាក់ដោយយក ត្រកូល Komuro តាមស្វាមី បាននិយាយថា ការរៀបការរបស់ព្រះនាងគឺជារឿងចៀសមិនរួច ពីព្រោះគម្រោងរៀបការរបស់អ្នកទាំង ២ បានពន្យារពេលអស់ ៣ ឆ្នាំរួចមកហើយ។
ព្រះនាងម្ចាស់ Mako បានគូសបញ្ជាក់ដូច្នេះថា «ប្ដីរបស់ខ្ញុំ, គឺលោក Kei Komuro ពិតមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ខ្ញុំ ហើយសម្រាប់ការរៀបការ គឺជាជម្រើសសំខាន់បំផុតរបស់ពួកយើង ព្រោះវាជារឿងបេះដូង»។ បើតាមការគ្រោងទុក ព្រះនាងម្ចាស់ជប៉ុន Mako និងស្វាមី ត្រូវសាងជីវិតថ្មីរបស់អ្នកទាំង ២ នៅឯទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ជាទីដែលលោក Kei Komuro កំពុងរស់នៅ និងបំពេញការងារជាមេធាវីរបស់ក្រុមហ៊ុនអាមេរិកមួយ។
គួរបញ្ជាក់ថា ព្រះនាង Mako និងលោក Kei Komuro មិនបានរៀបការតាមប្រពៃណីជប៉ុននោះឡើយ ដោយអ្នកទាំងពីរគ្រាន់តែចុះសំបុត្រអាពាហ៍អាពិពាហ៍ ជាមួយអាជ្ញាធរតែប៉ុណ្ណោះ ហើយមិនតែប៉ុណ្ណោះព្រះនាងក៏មិនបានទទួលយកប្រាក់ ១.៣លានដុល្លារ ដែលត្រូវផ្ដល់ឱ្យស្ត្រីដែលចាកចេញពីគ្រួសាររាជវង្សផងដែរ។ សម្រាប់គ្រួសាររាជវង្សជប៉ុន, ស្ត្រីដែលរៀបការជាមួយបុរសសាមញ្ញ នឹងបាត់បង់ឋានៈជាសែរាជវង្សរបស់ខ្លួន «ដោយស្វ័យប្រវត្តិ»៕
ប្រភព៖ BBC