មន្ត្រីយោធាជាន់ខ្ពស់​អាមេរិក ​បញ្ជាក់​ពីការព្រួយបារម្ភ​ខ្លាំង​ អំពី​ការ​ធ្វើ​តេស្ត​អាវុធ​លឿន​ជាង​សំឡេង​របស់​ចិន
អន្តរជាតិ
185

អន្តរជាតិ៖ ឧត្តមសេនីយ៍ Mark Milley មន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិក បានផ្តល់ការបញ្ជាក់ជាផ្លូវការដំបូងរបស់សហរដ្ឋអាមេរិក អំពីការសាកល្បងអាវុធល្បឿនលឿនរបស់ចិន ដែលអ្នកជំនាញយោធានិយាយថា ហាក់ដូចជាបង្ហាញពីការខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងចំពោះប្រព័ន្ធគន្លងផែនដី ដែលត្រូវបានរចនាឡើងដើម្បីគេចពីការការពារមីស៊ីលរបស់អាមេរិក។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

មន្ទីរបញ្ចកោណមានការព្រួយបារម្ភ ក្នុងការបញ្ជាក់ដោយផ្ទាល់អំពីការធ្វើតេស្តរបស់ចិននៅរដូវក្ដៅនេះដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយកាសែត Financial Times ។ ស្របពេលដែល ប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) និង មន្ត្រីផ្សេងទៀតបានសម្តែងការព្រួយបារម្ភជាទូទៅអំពីការអភិវឌ្ឍអាវុធល្បឿនលឿនរបស់ចិនក៏ដោយ។

ប៉ុន្តែលោក Milley បានបញ្ជាក់យ៉ាងច្បាស់ពីការសាកល្បងមីស៊ីលរបស់ចិន ហើយបាននិយាយថា វាជិតដល់ពេល «Sputnik» ដោយសំដៅលើការបាញ់បង្ហោះផ្កាយរណបដែលបង្កើតដោយមនុស្សដំបូងបង្អស់នៅឆ្នាំ ១៩៧៥ របស់រុស្ស៊ី ដែលបានធ្វើឱ្យទីក្រុងមូស្គូឈានមុខគេក្នុងការប្រណាំងអវកាសក្នុងសម័យសង្គ្រាមត្រជាក់។

លោក Milley ប្រធានអគ្គសេនាធិការចម្រុះបានប្រាប់ទូរទស្សន៍ Bloomberg នៅក្នុងបទសម្ភាសមួយដែលបានចាក់ផ្សាយកាលពីថ្ងៃពុធទី ២៧ ខែតុលា ថា«អ្វីដែលយើងបានឃើញគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃការសាកល្បងប្រព័ន្ធអាវុធលឿនជាងសំឡេង ហើយវាពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់»។ 

អ្នកជំនាញអាវុធនុយក្លេអ៊ែរបាននិយាយថា ការសាកល្បងអាវុធរបស់ចិនហាក់ដូចជាត្រូវបានបង្កើតឡើង ដើម្បីគេចពីការការពាររបស់សហរដ្ឋអាមេរិកតាមវិធីចំនួន ២ ។ ទីមួយ វាអាចផ្លាស់ទីក្នុងល្បឿនលឿនជាង ៥ ដងនៃល្បឿនសំឡេងឬប្រហែល ៦២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យពិបាកក្នុងការរកឃើញនិងស្ទាក់ចាប់។ ចំណុចទីពីរ ប្រភពប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាម៉េរិកជឿថា ការសាកល្បងរបស់ចិនជាប់ពាក់ព័ន្ធនឹងអាវុធដែលមានសមត្ថភាពហោះជុំវិញផែនដីជាលើកដំបូង។ នោះ​ជា​អ្វី​ដែល​អ្នក​ជំនាញ​យោធា​និយាយ​ថា​ជា​គំនិត​សង្គ្រាម​ត្រជាក់​ដែល​គេ​ស្គាល់​ថា​ជា «ការ​ទម្លាក់​គ្រាប់បែក​តាម​គន្លង​ប្រភាគ (Fractional Orbital Bombardment)»

ទន្ទឹមនឹងនេះ កាលពីខែមុន លេខាធិការកងទ័ពអាកាសលោក Frank Kendall បាននិយាយអំពីការព្រួយបារម្ភរបស់លោកអំពីប្រព័ន្ធបែបនេះ ដោយប្រាប់អ្នកសារព័ត៌មានអំពីអាវុធដែលនឹងចូលទៅក្នុងគន្លងមួយ ហើយបន្ទាប់មកធ្លាក់ចុះមកលើគោលដៅមួយ។ លើសពីនេះ ប្រព័ន្ធការពារមីស៊ីលមិនអាចរកឃើញនិងស្ទាក់ចាប់វាបានទេ។

យ៉ាងណាមិញ ក្រសួងការបរទេសចិនបានបដិសេធចំពោះការចោទប្រកាន់របស់អាម៉េរិកថា៖« ចិនមិនបានសាកល្បងអាវុធនោះទេ។ វាមិនមែនជាមីស៊ីលនោះទេ វាគឺជាយានអវកាស»​៕

ប្រភព៖ Channel News Asia

Telegram