អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី​Jen Psaki ទើបជួបលោកបៃដិនសប្ដាហ៍មុន ឆ្លងជំងឺកូវីដ-១៩
អន្តរជាតិ
95

វ៉ាស៊ីនតោន​៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឆ្លើយឆ្លងព័ត៌មាន ប្រចាំសេតវិមានទីក្រុងវ៉ាស៊ីនតោន លោកស្រី ចេន ផ្សាគី (Jen Psaki) បានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19 នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា ហើយលោកស្រីត្រូវបានគេដឹងថា បានជួបលោកប្រធានាធិបតី ចូ បៃដិន លើកចុងក្រោយកាលពីថ្ងៃអង្គារ ទី២៦ ខែតុលា។ ​

បើតាមសារព័ត៌មាន Sputnik​ ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រី Jen Psaki អាយុ ៤២ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ហើយ។ ក្រោយពីបានដឹងថាឆ្លងជំងឺនេះ លោកស្រីក៏បានទទួលស្គាល់ផងដែរថា ខ្លួនមានចេញរោគសញ្ញាស្រាល។ លោកស្រីបានជួបលោក ចូ បៃដិន លើកចុងក្រោយ កាលពីថ្ងៃអង្គារនៅទីលានខាងក្រៅសេតវិមាន ដោយបានស្ថិតនៅចម្ងាយ ១.៨ម៉ែត្រពីគ្នា ហើយកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ លោក ចូ បៃដិន ក៏បានធ្វើតេស្តចេញលទ្ធផល «អវិជ្ជមាន» រួចមកហើយដែរ។

លោកស្រី Jen Psaki បានលើកឡើងយ៉ាងដូច្នេះថា «ការបង្ហាញលទ្ធផលតេស្តវិជ្ជមាន (ចំពោះកូវីដ-១៩) របស់ខ្ញុំនៅថ្ងៃនេះ គឺជាការបញ្ជាក់នូវតម្លាភាពដ៏ធំធេងមួយ»។

លោកស្រី និងមន្ត្រីមួយចំនួនទៀត មិនបានរួមដំណើរជាមួយលោក ចូ បៃដិន ទៅចូលរួមកិច្ចប្រជុំ G20 និង COP26 នៅតំបន់អឺរ៉ុបនោះទេ ដោយសារមុនចេញដំណើរ សមាជិកម្នាក់នៅក្នុងក្រុមរបស់លោកស្រី បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ហើយបន្ទាប់ពីការធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃពុធ លោកស្រីត្រូវបានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន» នៅថ្ងៃអាទិត្យ៕

ប្រភព៖ Sputnik

Telegram