អន្តរជាតិ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរក្សាជំហរចំពោះការសម្រេចចិត្តបដិសេធមិនអនុញ្ញាតឱ្យប្រេសិតអាស៊ាន ចូលជួបអតីតមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី ជំនួសដោយការទប់ទល់នឹងសម្ពាធអន្តរជាតិដែលកំពុងកើនឡើង ដើម្បីជំរុញឱ្យយោធាអនុវត្តតាមផែនការសន្តិភាពដែលបានព្រមព្រៀងគ្នាជាមួយសមាជិកអាស៊ានទាំងអស់កាលពីខែមេសា។
បើតាមសារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ឧត្តមសេនីយ៍រង ស៊ូ វីន(Seo Win) ជាអគ្គមេបញ្ជាការងទី២នៃរដ្ឋាភិបាលរបបយោធា ដែលដកហូតអំណាចពីរដ្ឋាភិបាលលោកស្រីអ៊ុង សានស៊ូជី បាននិយាយថា ការអនុញ្ញាតឱ្យបរទេសជនមានការចូលជួបជាមួយជនជាប់បទចោទ គឺល្មើសនឹងច្បាប់ជាតិ។
លោកបាននិយាយនៅក្នុងសុន្ទរកថាដែលបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា«ខ្ញុំជឿថា គ្មានប្រទេសណាអនុញ្ញាតឱ្យមានទង្វើល្មើសច្បាប់ដែលមានស្រាប់នោះទេ»។ ការលើកឡើងរបស់ឧត្តមសេនីយ៍រូបនេះ ធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានតាមប្រព័ន្ធវីដេអូកាលពីសប្តាហ៍មុន ដែលរៀបចំដោយព្រុយណេ ប៉ុន្តែមិនមានវត្តមានមីយ៉ាន់ម៉ាចូលរួមនោះទេ។ អវត្តមានរបស់តំណាងមីយ៉ាន់ម៉ានេះ បណ្ដាលមកពីមេដឹកនាំអាស៊ានមូលមតិគ្នាបដិសេធវត្តមានលោក មីន អ៊ុងឡាំង ជាមួយគ្នានេះដែរមីយ៉ាន់ម៉ាក៏ធ្វើពហិការមិនចូលរួមប្រជុំដូចគ្នា។
លោកមេបញ្ជាការងដដែលនេះ ក៏សង្កត់ធ្ងន់ថា អាស៊ានបានបំពានគោលការណ៍ ឯកឆ័ន្ទ និងមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក ដូច្នេះមីយ៉ាន់ម៉ា មិនបញ្ជូនតំណាងតាមការអញ្ជើញរបស់អាស៊ានឡើយ។ លោកស៊ូ វីន បានច្រានចោលការចោទប្រកាន់ថា យោធាមិនគោរពតាមកិច្ចព្រមព្រៀង។ លោកបន្តថា កិច្ចព្រមព្រៀងខែមេសាជាមួយអាស៊ាននេះគឺផ្ដោតលើ«កិច្ចការផ្ទៃក្នុងបច្ចុប្បន្ន»របស់មីយ៉ាន់ម៉ា។ លើសពីនេះការធ្វើទស្សនកិច្ចមកមីយ៉ាន់ម៉ា ត្រូវផ្អែកលើស្ថិរភាពផ្ទៃក្នុងផងដែរ។
គួរបញ្ជាក់ថា ប្រទេស មីយ៉ាន់ម៉ា ត្រូវបានជាប់គាំងស្ទើរគ្រប់វិស័យ ដោយសារការតវ៉ាបាតុកម្ម និងអំពើហិង្សា ចាប់តាំងពីរដ្ឋប្រហារ ជាមួយគ្នានេះ របបយោធា កំពុងតស៊ូក្នុងការគ្រប់គ្រងស្ថានការណ៍ និងប្រឈមមុខជាមួយក្រុមប្រដាប់អាវុធបះបោរ ក្រុមជីវពល និងក្រុមឧទ្ទាមជនជាតិភាគតិច ដែលចងសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលស្រមោល ក្រុមទាំងនោះត្រូវបានពួកយោធាហៅថាក្រុម«ភេរវករ»។ រហូតមកទល់ពេលនេះ មានជនស៊ីវិលជាង១២០០នាក់ហើយត្រូវបានបាត់បង់ជីវិតដោយការបង្ក្រាបរបស់កងកម្លាំងសន្តិសុខជាតិ។ នេះបើតាមទិន្នន័យដែលអង្គការសហប្រជាជាតិដកស្រង់ពីអ្នកឃ្លាំមើលក្នុងស្រុក។ ផ្ទុយទៅវិញ របបសឹកអះអាងថារបាយការណ៍នេះគឺលំអៀងមិនត្រឹមត្រូវ៕
ប្រភព៖ Reuters