សិង្ហបុរី៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក ង អេង ហេន (Ng Eng Hen) បាននិយាយថា សហរដ្ឋអាមេរិកគួរតែ«នៅឱ្យឆ្ងាយ»ពីការចូលទៅក្នុងការប្រឈមមុខដាក់គ្នាជាមួយចិន ជុំវិញតៃវ៉ាន់ ដោយបន្ថែមថា «ការគណនាស្ថានការណ៍ខុស » អាចកើតមានឡើង។
បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីខាងលើនេះ បានកើតមានឡើងនៅក្នុងឱកាស នៃវេទិកាសន្តិសុខ Aspen(ASF) លើកទី១២ ដែលកំពុងប្រារព្ធឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែវិច្ឆិកា)។ វេទិកានេះ គឺជាសន្និសីទនយោបាយការបរទេស និងសន្តិសុខប្រចាំឆ្នាំមួយ ដែលមានមេដឹកនាំ និងតួអង្គសំខាន់ៗ ក្នុងសហគមន៍វិស័យការពារជាតិចូលរួម ហើយសិង្ហបុរីក៏បានបង្ហាញអំពីទស្សនវិស័យរបស់ខ្លួន នៅក្នុងកម្មវិធីនោះផងដែរ។
នៅក្នុងកិច្ចសន្ទនាជាមួយលោក ចូសិព សាមូអ៊ែល នីយេ (Joseph Samuel Nye Jr) សហប្រធានរៀបចំវេទិកាខាងលើ, លោក Ng Eng Hen បានឆ្លើយតបនឹងសំនួរអំពីការយល់ឃើញ ពាក់ព័ន្ធស្ថានការណ៍តានតឹងនៅកោះតៃវ៉ាន់ ដែលសហរដ្ឋអាមេរិកកំពុងលូកដៃនោះ យ៉ាងដូច្នេះថា «តៃវ៉ាន់មានភាពជ្រាលជ្រៅ នៃការដឹកនាំនយោបាយតាមច្បាប់របស់ខ្លួន ពីសំណាក់មេដឹកនាំគណបក្ស (កាន់អំណាច) និងស្ថិតក្នុងខ្សែបន្ទាត់ក្រហមដ៏ជ្រាលជ្រៅមួយ។ ខ្ញុំអាចគិតថា គ្មានសេណារីយ៉ូដែលបង្ហាញអំពីអ្នកឈ្នះនោះទេ ប្រសិនបើមានការប្រឈមមុខដាក់គ្នា ជាក់ស្តែងទៅលើបញ្ហាកោះតៃវ៉ាន់»។
ហេតុដូច្នេះក្នុងនាមជារដ្ឋមន្ត្រីការពារជាតិសិង្ហបុរី ដែលជាប្រទេសមួយនៅតំំបន់អាស៊ី លោក Ng Eng Hen បានណែនាំឲ្យអាមេរិក «ស្ថិតនៅឲ្យឆ្ងាយបំផុតពីបញ្ហានេះ»។
សូមរម្លឹកថា រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ បាននិយាយកាលពីខែតុលាថា ភាពតានតឹងផ្នែកយោធាជាមួយចិន ស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុតក្នុងរយៈពេល៤០ ឆ្នាំ ដោយបន្ថែមថា ទីក្រុងប៉េកាំង នឹងអាចបង្កើនការឈ្លានពាន« ទ្រង់ទ្រាយធំ» នៅឆ្នាំ២០២៥ លើកោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាទឹកដីរបស់ខ្លួន។
គួរបញ្ជាក់ថា ប្រទេសចិន បានបង្កើនការលុកលុយ ដោយកងកម្លាំងទ័ពអាកាសយ៉ាងច្រើន ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ដែលជាផ្នែកមួយនៃ អ្វីដែលទីក្រុងតៃប៉ិ ចាត់ទុកថាជាការបង្កើនការយាយី ដោយយោធា ដោយទីក្រុងប៉េកាំង។
សហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសចិន បញ្ឈប់សកម្មភាពយោធា« បង្កហេតុ»របស់ខ្លួន នៅជិតកោះតៃវ៉ាន់ ដោយក្នុងនោះ ទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាគាំទ្រនិងការពារកោះតៃវ៉ាន់ ប្រសិនបើមានការវាយប្រហារពីប្រទេសចិន៕
ប្រភព៖ Channel News Asia