បាងកក៖ ប៉ូលីសថៃ បានចាប់ឃាត់ខ្លួនស្ត្រី៤នាក់ ដែលបានបោះពុម្ពលុយដុល្លារអាមេរិកក្លែងក្លាយ និងប៉ុនប៉ងយកទៅចែកចាយលក់បន្ត។ អាជ្ញាធរ បានរឹបអូសបានលុយក្លែងក្លាយក្រដាស១០០ដុល្លារ ពីពួកគេរហូតដល់៥ម៉ឺនសន្លឹក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។
ស្នងការរងប៉ូលិសជាតិថៃ អះអាងថា ស្ត្រីម្នាក់ក្នុងចំណោមជនសង្ស័យ៤នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅផ្ទះមួយកន្លែងក្នុងខេត្ត ណាក់ខន ប៉ាតធំ (Nakhon Pathom) ដោយក្នុងផ្ទះនោះ ប៉ូលិសបានរកឃើញម៉ាស៊ីនបោះពុម្ភលុយចំនួនមួយផងដែរ។
បើតាមការបញ្ជាក់របស់អាជ្ញាធរ ស្ត្រីថៃរូបនេះ បានបង្ហោះលក់លុយដុល្លារអាមេរិកក្លែងក្លាយដែលខ្លួនបោះពុម្ពនេះលើបណ្ដាញសង្គមហ្វេសប៊ុក ហើយប៉ូលិសបានរកឃើញទៀតថា ស្ត្រីរូបនេះក៏ជាសមាជិកក្រុមរត់ពន្ធលុយក្លែងក្លាយដែលប៉ូលីសតាមប្រមាញ់ផងដែរ។
យ៉ាងណាមិញ ប៉ូលីសថៃ កំពុងបន្តស៊ើបអង្កេតសំណុំរឿងនេះ ហើយតាមចាប់បក្ខពួកស្ត្រីទាំងបួននាក់នេះថែមទៀត។ ក្រោយចាប់ខ្លួន ស្ត្រីទាំងបួននេះ បានសារភាពទោសកំហុសរបស់ពួកគេ ហើយប្រាប់ថា នេះជាលើកដំបូងដែលខ្លួនប្រព្រឹត្តអំពើបែបនេះ៕
ប្រភព៖ Bangkok Post