ប៉េកាំង៖ ប្រទេសចិន បានសម្តែងការព្រួយបារម្ភ បន្ទាប់ពីគណៈប្រតិភូមកពីសភាអឺរ៉ុប បានមកដល់កោះនេះ ដើម្បីជួបជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen,នាយករដ្ឋមន្ត្រី Su Tseng-chang និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុប «មិនគួរត្រូវបានបញ្ជូនសញ្ញាខុសទៅកាន់ តៃវ៉ាន់» ហើយបានព្រមានថា អឺរ៉ុប «គួរតែកែកំហុសរបស់ខ្លួន» ។
បើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ក្នុងដំណើរទៅកាន់កោះតៃវ៉ាន់ លោក Raphael Glucksmann សមាជិកបារាំងនៃសភាអឺរ៉ុប ដែលទទួលបន្ទុកគណៈប្រតិភូ បាននិយាយថា ដំណើរទស្សនកិច្ចនេះ«គួរតែត្រូវបានចាត់ទុកថាជាជំហានដំបូងដ៏សំខាន់»។ លោកបានបន្ថែមថា «ពួកយើងមកទីនេះជាមួយនឹងសារដ៏សាមញ្ញ និងច្បាស់លាស់បំផុត៖ អ្នកមិននៅម្នាក់ឯងទេ។ អឺរ៉ុបកំពុងឈរជាមួយអ្នក» ។
MEPs បានបង្ហាញពីចេតនារបស់ពួកគេក្នុងការជំរុញទំនាក់ទំនង EU-Taiwan ទោះបីជាទីក្រុងតៃប៉ិមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយបណ្តាប្រទេសអឺរ៉ុបណាមួយ លើកលែងតែទីក្រុង Vatican ក៏ដោយ។
គួរបញ្ជាក់ថា ទំនាក់ទំនងផ្លូវការរវាងចិនដីគោក និងតៃវ៉ាន់ ត្រូវបានកាត់ផ្តាច់បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់នៅឆ្នាំ១៩៤៩។ ចាប់តាំងពីពេលនោះមក កោះនេះត្រូវបានគ្រប់គ្រងដោយឯករាជ្យ ខណៈដែលទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាខេត្តបំបែករបស់ខ្លួន៕
ប្រភព៖ Sputnik