កងទ័ពឯករាជ្យកាឈិន បានវាយលុក កាន់កាប់ទីតាំងរបស់របបសឹកយោធា នៅជិតព្រំដែនចិន ដើម្បីជាការសងសឹក
អន្តរជាតិ
618

អន្តរជាតិ៖ សារព័ត៌មាន irrawaddy បានចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីព័ត៌មានរបស់ KIA បាននិយាយប្រាប់សារព័ត៌មានរ៉យទ័រថា កងទ័ពឯករាជ្យកាឈិន (KIA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏ធំមួយដែលមានមូលដ្ឋាននៅរដ្ឋកាឈិន បានវាយលុកទីតាំងយោធានៅលើភ្នំ Alaw Hill បានកាន់កាប់លើភ្នំ មួយនេះនៅក្នុងស្រុក Bhamo នៅម៉ោងប្រហែល ៤ ព្រឹកថ្ងៃព្រហស្បតិ៍ ។ ភ្នំ«Alaw Hill» គឺនៅជិតព្រំដែនចិន។

លោក វរសេនីយ៍ឯក Naw Bu បាននិយាយថា ការវាយប្រហារនេះធ្វើឡើងដើម្បីជាការសងសឹក ចំពោះការវាយប្រហាររបស់យោធាទៅលើទីតាំងរបស់ KIA ក្បែរក្រុងឡាយហ្សា(Laiza)ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីបញ្ជាការ KIA ។

«កងទ័ពនៃរបបយោធា បានបាញ់ប្រហារនៅឯមូលដ្ឋានរបស់យើងនៅលើភ្នំ Hpalap Hill ក្បែរភ្នំឡាហ្សា ដោយកាំភ្លើងធំពេញមួយយប់នៅថ្ងៃទី ២២ ខែមីនា។ ពួកគេបានបាញ់ម្តងទៀតនៅកងវរសេនាតូចលេខ ៣ នៅសាដុន នៅថ្ងៃបន្ទាប់។ ពួកគេបានធ្វើការវាយប្រហារអស់រយៈពេល២ ទៅ ៣ ថ្ងៃ។

KIA បានអះអាងថា គ្រាប់កាំភ្លើងធំ ២ គ្រាប់ បានធ្លាក់លើទឹកដីចិនកាលពីថ្ងៃអង្គារ។ យោធាមីយ៉ាន់ម៉ាមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ។ យើងបានលឺស្នូរកាំភ្លើងរហូតដល់យប់ថ្ងៃពុធ។ ប៉ុន្តែអ្វីៗគឺល្អនៅក្នុងទីក្រុង។ អ្នករាល់គ្នាមានសុវត្ថិភាព។

យោធានិង កងទ័ពឯករាជ្យកាឈិនKIA កំពុងស្ថិតក្នុងដំណើរការចរចាបទឈប់បាញ់ មុនរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។ ក្រុមប្រដាប់អាវុធកាឈិនបានស្នើទៅបញ្ជាការភាគខាងជើងរបស់យោធា កុំធ្វើបាបអ្នកតវ៉ាកាឈិន ដោយសន្តិភាព ប្រឆាំងនឹងរបបយោធា។

ជនស៊ីវិល ២នាក់ត្រូវបានបាញ់សម្លាប់ នៅក្នុងការបង្ក្រាបមួយដោយកម្លាំងសន្តិសុខទៅលើក្រុមបាតុករប្រឆាំងនឹងរបបដឹកនាំនៅក្នុងរដ្ឋ Myitkyina នៃរដ្ឋកាជីនកាលពីថ្ងៃទី ៨ ខែមីនា។

បីថ្ងៃបន្ទាប់ពីការសម្លាប់ ក្រុម កងទ័ពឯករាជ្យកាឈិនKIA បានវាយឆ្មក់ទីតាំងយោធាមួយកន្លែង នៅក្នុងមជ្ឈមណ្ឌលរុករករ៉ែថ្ម និងបានវាយប្រហារទីតាំងយោធាមួយផ្សេងទៀតនៅក្រុ ង អ៊ីនជៀងយ៉ាង(Injangyang) កាលពីថ្ងៃទី ១៥ ខែមីនា។

ភាពតានតឹងផ្នែកយោធាក៏កំពុងតែកើនឡើងនៅភាគខាងជើងនៃរដ្ឋ Shan រវាងភាគីទាំងពីរ៕ ប្រភព៖  irrawaddy

Telegram