កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកអាចជួយសហគមន៍នេះរកចំណូលកើនច្រើនជាងមុន !
ព័ត៌មានជាតិ
147

ខេត្តមណ្ឌលគិរី៖ ក្រុមសហគមន៍ផលិតសម្ភារប្រើប្រាស់និងវត្ថុអនុស្សាវរីយ៍ធ្វើពីប្ញស្សីរីករាយដោយឃើញមុខរបរអាជីវកម្មរបស់ ពួកគាត់មានដំណើរការល្អ។ យោងតាមរបាយការណ៍របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ថ្មីៗ នេះបានឱ្យដឹងថា ចំណូលពីការលក់វត្ថុអនុស្សាវរីយ៍និងសម្ភារប្រើប្រាស់ធ្វើពីប្ញស្សីដែលផលិតដោយក្រុមអាជីវកម្មកែច្នៃប្ញស្សីខ្នាតតូចនៅក្នុង សហគមន៍តំបន់ការពារធម្មជាតិស្រែព្រះបានកើនឡើងជិតបួនដងពី ២១២ដុល្លារ ក្នុងឆ្នាំ ២០១៩ ដល់ ៨០៦ ដុល្លារ ក្នុង ឆ្នាំ ២០២០។

អង្គការបានបន្តថា៖ « កំណើននេះបានកើនឡើងដោយសារក្រុមអាជីវកម្មប្ញស្សីខ្នាតតូចនេះបានផលិតនិងកែច្នៃបន្ថែមឱ្យមាន ផលិតផលច្រើនប្រភេទៀផ្សេងគ្នានិងបានកែកលម្អគុណភាពនៃផលិតផលប្ញស្សីរបស់ពួកគាត់ក្រោយពីបានទទួលវគ្គបណ្តុះបណ្តាលជំនាញកែច្នៃប្ញស្សីដែលគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID ក្រោមគម្រោងអភិវរក្សដែលជម្រសត្វព្រៃកែវសីមា ព្រមទាំងមានការផ្លាស់ប្តូរឥរិយាបថ របស់ អ្នក ប្រើប្រាស់ ពី ការ ឈប់ ប្រើប្រាស់ សម្ភារៈ ប្លា ស្ទិ ក មក ប្រើប្រាស់ សម្ភារៈ ផលិត ពីប្ញស្សីវិញ »។ ក្រុមនេះមានសមាជិក ២៧នាក់ក្នុងនោះមាន ស្ត្រី១៥ នាក់មកពីភូមិចំនួនបីគឺពូចាពូគង់និងអូរច្រាស្ថិតក្នុងឃុំស្រែ ព្រះស្រុកកែវសីមាខេត្តមណ្ឌលគិរី ។ សម្ភារប្រើប្រាស់ដែលក្រុមនេះផលិតរួមមានកំសៀវទឹកកែវទឹកធំមានដៃពែងទឹកប្រដាប់ ប្រដាក់ទៀនក្រអូបប្រអប់ដាក់ក្រដាសជូតដៃពម្ពក់ព្យួរខោអាវឧបករណ៍បំពងសម្លេងទូរស័ព្ទដៃប្រដាប់ដាក់ប៊ិចបំពង់សម្រាប់ដាក់ គ្រឿងធ្វើម្ហូប ( ផ្ទះបាយ ) ថូផ្កានិងសម្ភារៈជាច្រើនផ្សេងទៀត ។

សូមបញ្ជាក់ផងដែរថាក្រុមអាជីវកម្មកែច្នៃប្ញស្សីខ្នាតតូច « ស្រែ ព្រះ » គឺជាសហគ្រាសសហគមន៍បានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយទទួលបានការគាំទ្រថវិការពីទីភ្នាក់ជំនួយអាមេរិក USAID គម្រោងរេដបូកនិងគម្រោងកាំប៉ាស់ក្នុង គោលបំណងដូចខាងក្រោមនេះ៖

១) ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកនៃក្រុមកែច្នៃ២) បង្ហាញអំពីការប្រើប្រាស់ធនធានប្ញស្សីនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះប្រកបដោយនិរន្តរភាព

៣) លើកទឹកចិត្តសហគមន៍ឱ្យដាំស្តារប្ញស្សីឡើងវិញនៅតំបន់ដែលបានកាប់បំផ្លាញស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិស្រែ ព្រះនិងសកម្មភាពអាជីវកម្មសំខាន់ៗ របស់ក្រុមកែច្នៃប្ញស្សីនេះរួមមានការបណ្តុះនិងដាំប្ញស្សីនៅលើតំបន់ដែលបានកាប់បំផ្លាញ និងផលិតសម្ភារប្រើប្រាស់ធ្វើពីប្ញស្សីសម្រាប់លក់ ។

ជាមួយគ្នានេះផងដែរក្រុមអាជីវកម្មកែច្នៃប្ញស្សីខ្នាតតូច « ស្រៃព្រះ » ត្រូវបានបង្កើតឡើងនិងគាំទ្រដោយភ្នាក់ងារជំនួយអាមេរិក ក្រោមគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមាដែលអង្គការ WCS ជាអ្នកអនុវត្តគម្រោងនេះ។បច្ចុប្បន្នក្រុមនេះកំពុងគ្រប់គ្រង ព្រៃប្ញស្សីទំហំ៦៩ហិកតាស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះក្នុងនោះមានប្ញស្សី៤ប្រភេទគឺ ប្ញ ស្សី ថ្ងរ ប្ញ ស្សី ព្រៃ ប្ញ ស្សី ខ្លី និង ប្ញ ស្សី រលាក ។ សមាជិកក្រុមនេះបានទទួលការបណ្តុះបណ្តាលស្តីពីបច្ចេកទេសប្រមូលផលប្ញស្សីប្រកបដោយ និរន្តរភាពការរៀបចំធ្វើផែនការអាជីវកម្មគ្រប់គ្រងសារពើភ័ណ្ឌប្ញស្សីការបែងចែកផលប្រយោជន៍និងការគ្រប់គ្រងហិរញ្ញវត្ថុ ។

សមាជិកក្រុមប្រើប្រាស់ចំណូលបានពីការលក់ផលិតផលប្ញស្សីនេះសម្រាប់ទ្រង់ការចំណាយក្នុងគ្រួសារនិងរក្សាទុកមួយផ្នែក សម្រាប់ចំណាយលើការងារអភិរក្សព្រៃឈើនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ។ ក្រុមនេះសង្ឃឹមថានឹងបន្តលក់ផលិតផលប្ញ ស្សី កែ ច្នៃ ពង្រីក ផ្ទៃដី ដាំ ប្ញ ស្សី បន្ថែមដើម្បីស្តារតំបន់ដែលបានកាប់បំផ្លាញឡើងវិញនៅទូទាំងសហគមន៍ការពារធម្មជាតិនិង សិក្សារវាយតម្លៃអំពីតម្រូវការទីផ្សារនិងលទ្ធភាពក្នុងការផលិតប្រភេទសម្ភារៈប្ញស្សីផ្សេងៗ ទៀត ៕


Telegram