ជាមន្រ្តីនគរបាលចរាចរណ៍ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ដែលជាករណីស្លាប់ទី៨ នៅកម្ពុជា។
នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់ជនរងគ្រោះខាងលើ គឺជាមរណភាពមួយគួរឲ្យសោកស្ដាយជាទីបំផុត ដែលបច្ចុប្បន្នមេរោគដ៏កាចសាហាវនេះកំពុងតែឆ្លងរាលដាលនៅលើពិភពលោកហើយក៏កំពុងតែសម្លាប់ជីវិតមនុស្សយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដេីម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិយេីង។
សូមបញ្ជាក់ថា លោក ថន ចាន់ធឿន អាយុ៥៥ឆ្នាំ ជាមន្រ្តីនគរបាលចរាចរណ៍ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានទទួលមរណភាពនៅវេលាម៉ោង១៦រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕