មីយ៉ាន់ម៉ា៖ កាសែតរដ្ឋមីយ៉ាន់ម៉ា បានផ្សាយថា យោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនគ្រូពេទ្យចំនួន ១៨នាក់ដែលផ្តល់ការព្យាបាលដល់អ្នកជំងឺដែលរបបសឹកចាត់ទុកថាជាសមាជិកនៃ «អង្គការភេរវករ» ដោយសារក្រុមនេះប្រឆាំងរដ្ឋាភិបាលយោធាដោយខុសច្បាប់។
បើតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កងទ័ពមីយ៉ាន់ម៉ា បានធ្វើការចាប់ខ្លួនក្រុមគ្រូពេទ្យក្នុងអំឡុងពេលវាយឆ្មក់ព្រះវិហារមួយកន្លែងក្នុងទីក្រុង Loikaw ក្នុងរដ្ឋ Kayah ភាគខាងកើត កាលពីថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា។ ក្រុមយោធាទាំងនោះបានរកឃើញអ្នកជំងឺចំនួន ៤៨ នាក់ដែលកំពុងទទួលការព្យាបាល ក្នុងនោះមាន ៧នាក់ បានទទួលការព្យាបាល«ជំងឺកូវីដ១៩»។
កាសែត Global New Light of Myanmar ដកស្រង់ពីតំណាងក្រុមយោធាកាលពីថ្ងៃពុធទី២៤ ខែវិច្ឆិកា បានឲ្យដឹងថា «ការចាប់ខ្លួននេះគឺក្រោមមូលហេតុព្យាបាលមិនផ្លូវការ ហើយផ្ដល់ការព្យាបាលដល់អ្នកជំងឺមកពីអង្គការភេរវករ»។ របាយការណ៍ មិន បាន ប្រាប់ ឈ្មោះ អង្គការ នោះ ទេ ប៉ុន្តែបុគ្គលិកសុខាភិបាលទាំង ១៨នាក់ត្រូវចាត់វិធានការតាមច្បាប់។ ក្រុមគ្រូពេទ្យនិងបុគ្គិលសុខាភិបាល បានក្លាយជាគោលដៅរបស់កងសន្តិសុខ។ បើតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា ជនស៊ីវិលជិត ១៣០០នាក់ត្រូវបានសម្លាប់ និងជាង ១ម៉ឺននាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ។ នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ដែលបានតាមដានព្រឹត្តិការណ៍ក្រោយរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
យ៉ាងណាមិញ របបយោធា បានច្រានចោលទិន្នន័យរបស់ AAPP ដែលដកស្រង់ដោយអង្គការសហប្រជាជាតិ។ របបសឹកក៏បានអះអាងកាលពីសប្ដាហ៍មុនថា ទាហានរបស់ខ្លួន ២០០នាក់ក៏ត្រូវបានសម្លាប់ក្នុងជម្លោះនេះផងដែរ៕
ប្រភព៖ Bangkok Post