មូស្គូ៖ មន្ត្រីរុស្ស៊ី បាននិយាយថា ការផ្ទុះដ៏សាហាវមួយ នៅក្នុងអណ្តូងរ៉ែធ្យូងថ្មស៊ីបេរី បានធ្វើឱ្យអ្នករុករករ៉ែចំនួន ៥២នាក់ និងអ្នកជួយសង្គ្រោះបានស្លា ប់ នៅក្រោមដីប្រហែល ២៥០ម៉ែត្រ ក្នុងតំបន់ កេមីរ៉ូវ៉ូ(Kemerovo )ភាគនិរតីនៃស៊ីបេរីទេ។។
បើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះឧស្ម័នមេតាន និងភ្លើងឆេះពេញអណ្តូងរ៉ែដោយផ្សែងពុលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ១៤នាក់ ប៉ុន្តែបន្ទាប់មកត្រូវបានបង្ខំឱ្យបញ្ឈប់ការស្វែងរក ៣៨ នាក់ផ្សេងទៀត ដោយសារតែការកើនឡើងនៃឧស្ម័នមេតាន និងកាបូនម៉ូណូអុកស៊ីតពីភ្លើង។ ហើយមនុស្ស ២៣៩នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តីមន្ត្រីសង្គ្រោះបន្ទាន់ ថា គ្មានឱកាសក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀតនៅក្នុងអណ្តូងរ៉ែ Listvyazhnaya ក្នុងតំបន់ Kemerovo ភាគនិរតីនៃស៊ីបេរីទេ។ អ្នកស្លាប់ទាំង៥២នាក់ ស្លាប់ដោយសារការពុលកាបូនម៉ូណូអុកស៊ីត។
គួរបញ្ជាក់ វាជាឧបទ្ទវហេតុអណ្តូងរ៉ែដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០១០ នៅពេលដែលការផ្ទុះមេតានចំនួនពីរ និងអគ្គីភ័យ បានសម្លាប់មនុស្សចំនួន ៩១ នាក់នៅឯអណ្តូងរ៉ែ Raspadskaya ក្នុងតំបន់ Kemerovo ដូចគ្នា៕
ប្រភព៖ Sputnik