ពិភពលោក៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) មានការព្រួយបារម្ភយ៉ាងខ្លាំងនិង បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ពីឥទ្ធិពល និងការវិវឌ្ឍនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី ប្រភេទ «B.1.1.529» រកឃើញដំបូងនៅខេត្តមួយនៃប្រទេស អាហ្រ្វិកខាងត្បូង ខណៈដែលទីក្រុងហុងកុង បានក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ី ដែលបានរកឃើញវត្តមានវីរុសថ្មីនេះ លើបុរសពីរនាក់ ដែលបានធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង។
បើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា វីរុសកូវីដ១៩ ដែលវិវត្តិចុងក្រោយបំផុតហើយបានរកឃើញដោយអ្នកវិទ្យាសាស្ត្រនោះគឺ វីរុសប្រភេទ «B.1.1.529»។ វីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ ត្រូវបានចាត់ទុកដោយអ្នកវិទ្យាសាស្ត្រថា «គួរឱ្យព្រួយបារម្ភ» ខណៈពេលដែលអ្នកជំនាញសុខាភិបាលផ្សេងៗនៅជុំវិញពិភពលោកអះអាងថា នេះគឺជាការប្រែប្រួលដ៏អាក្រក់បំផុតដែលពិភពលោកមិនធ្លាប់ជួបប្រទះ។ ការអំពាវនាវខាងលើនេះ ត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ កឺខូវ (Maria Van Kerkhove) ប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO។
សូមបញ្ជាក់ថា គិតមកត្រឹមរសៀលថ្ងៃទីសុក្រនេះ ចក្រភពអង់គ្លេស ឥណ្ឌា ប្រទេសអឺរ៉ុបមួយចំនួននិងសិង្ហបុរី បានប្រកាសរឹតត្បិតព្រំដែនជាមួយអាហ្វ្រិកខាងត្បូង ពាក់ព័ន្ធនឹងករណីរកឃើញកូវីដ១៩បំប្លែងខ្លួននេះ។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រនៃចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នេះ មានទ្រង់ (Spike Protein) ខុសគ្នាយ៉ាងខ្លាំងពីវីរុសដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ ក្រុមមន្ត្រីអង់គ្លេសបានកំណត់ថា វីរុសនេះប្រហែលជាមានការបំប្លែងខ្លួន «ទ្វេដង» ដែលយើងបានឃើញនៅក្នុងវីរុសបំប្លែងខ្លួន Delta ហើយវាជាអ្វីដែល «អាក្រក់បំផុត» ព្រោះវ៉ាក់សាំងនានាបច្ចុប្បន្ននេះ ទំនងជាមិនមានប្រសិទ្ធភាពក្នុងការទប់ទល់វាឡើយ។
សូមជម្រាបថា ប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានរកឃើញវីរុសនេះលើមនុស្សជាង ១០០នាក់ហើយ ហើយវាបានរីករាលដាល ទៅកាន់ប្រទេសចំនួន ០៤ ទៀត ខណៈនៅប្រទេសបុតស្វាណាវិញ មានចំនួនតិចតួចនៅឡើយ។ ជាមួយគ្នានេះដែរ ចំពោះអការៈរោគ ឬផលប៉ះពាល់ធ្ងន់ធ្ងរក្នុងកម្រិតណា ចំពោះសុខភាព នៅពេលមនុស្សឆ្លងវីរុសបំប្លែងខ្លួនថ្មីនេះ គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ៕
ប្រភព៖ Reuters