ពិភពលោក៖ អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុក ប្រភេទវីរុសកូវីដ-១៩ បំប្លែងថ្មី «B.1.1.529» ដែល ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូងថា ជា«វាជាវីរុសដែលគួរឲ្យបារម្ភ» ដែលជំរុញឱ្យប្រទេសជុំវិញពិភពលោក ដាក់កំហិតការធ្វើដំណើរ ចំពេលមានការភ័យខ្លាចចំពោះការរីករាលដាលឥទ្ធិពលរបស់វា។
បើតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចដាក់ឈ្មោះវីរុសបំប្លែងថ្មី «B.1.1.529»នេះជាផ្លូវការថា «អូមីក្រន់» (Omicron) និងចាត់ទុកថា «វាជាវីរុសដែលគួរឲ្យបារម្ភ»។
ការរកឃើញវីរុសបំប្លែងថ្មីខាងលើនេះដែរ បាននិងកំពុងធ្វើឲ្យពិភពលោក ប្រកាសអាសន្នជាថ្មីម្តងទៀត ខណៈប្រទេសកាន់តែច្រើន ដែលមានជើងហោះហើរ ជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង ខ្លះបានរាំងខ្ទប់ការធ្វើដំណើររួចរាល់ និងខ្លះទៀតកំពុងគិតពិចារណា។ មកទល់ពេលនេះ ក្រៅពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាងផ្សេងទៀតដូចជាបុតស្វាណាជាដើម ទីក្រុងហុងកុងរបស់ចិន, ប្រទេសអ៊ីស្រាអែល និងប្រទេសប៊ែលហ្សិក សុទ្ធតែបានប្រកាសរកឃើញ ករណីឆ្លងដំបូងៗនៃវីរុសបំប្លែងថ្មី Omicron។
សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បាន ដាក់កំហិតលើអ្នកធ្វើដំណើរ មកពីប្រទេសអាហ្វ្រិកខាងត្បូង ខណៈដែលអ្នកវិទ្យាសាស្ត្រត្រូវការពេលប៉ុន្មានសប្ដាហ៍ដើម្បីស្គាល់ឱ្យច្បាស់នូវប្រភេទវីរុសបំប្លែងថ្មីនីមួយៗ។ អាជ្ញាធរសុខាភិបាល កំពុងពិនិត្យមើលថា តើមេរោគ Omicron នេះមានសមត្ថភាពឆ្លងលឿនជាងឬបង្កគ្រោះថ្នាក់ជាងមេរោគប្រភេទផ្សេង ហើយអាចទម្លុះរនាំងវ៉ាក់សាំងឬយ៉ាងណា?។
ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក នឹងដាក់វិធានការបន្តឹងការធ្វើដំណើរពីប្រទេសអាហ្វ្រិកខាងត្បូង ដែលជាកន្លែងរកឃើញមេរោគបំប្លែងថ្មីដែលមានឈ្មោះថា« Omicron»មួយនេះ ហើយវិធានការបន្តឹងការធ្វើដំណើរនេះនឹងចូលជាធរមាននៅថ្ងៃចន្ទទី២៩ នេះបើតាមមន្រ្តីជាន់ខ្ពស់រដ្ឋបាលលោក បៃដិនបានប្រាប់រ៉យទ័រ។
គួរបញ្ជាក់ថា ទោះបីជាក្រុមអ្នកជំនាញតាមប្រទេសនានា បានបង្ហាញការយល់ឃើញ ស្រដៀងៗគ្នាអំពីឥទ្ធិពលនៃវីរុសបំប្លែងថ្មី Omicron ថា អាចចម្លងរហ័សជាង Delta និងមានសមត្ថភាពយកឈ្នះវ៉ាក់សាំងនានា ក្នុងពេលបច្ចុប្បន្នក្តី ក៏ក្រុមជំនាញរបស់ WHO នៅតែត្រូវការពេលវេលាបន្ថែម យ៉ាងណាស់ក៏រាប់សប្តាហ៍ទៅមុខទៀតដែរ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ អំពីបម្រែបម្រួលរបស់វា ជាពិសេសទៅលើសមត្ថភាពនៃការចម្លង បើធៀបនឹងវីរុសបំប្លែងថ្មីផ្សេងទៀត ព្រមជាមួយនឹងឥទ្ធិពលរបស់វា ចំពោះវ៉ាក់សាំងផងដែរ៕
ប្រភព៖ Al Jazeera