ណៃពីដោ៖ មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេរំពឹងថានឹងស្តាប់សាលក្រមនៅក្នុងការកាត់ក្តី«ញុះញង់»របស់លោកស្រីនៅថ្ងៃអង្គារ (៣០ ខែវិច្ឆិកា) ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកស្រី អោង សាន ស៊ូជី ក្នុងពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនបទចោទ ក្នុងនោះរួមមានការកាន់កាប់វិទ្យុទាក់ទងខុសច្បាប់, ញុះញង់ ឱ្យមានការប្រព្រឹត្តអំពើហិង្សា, លួចបន្លំស្លឹកឆ្នោតក្នុងការបោះឆ្នោតសកល កាលពីឆ្នាំ២០២០, បំពានវិធានការទប់ស្កាត់ COVID-19 និងពុករលួយ។
បើតាមក្រុមអ្នកវិភាគ លោកស្រី ស៊ូជី អាចនឹងត្រូវជាប់ពន្ធនាគារ ៣ឆ្នាំ ប្រសិនជាតុលាការប្រកាសសាលក្រមកាត់ទោសលោកស្រីពីបទញុះញង់បង្កចលាចល ប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា មែននោះ។ លើសពីនេះទៅទៀត លោកស្រីក៏ត្រូវគេរំពឹងដែរថាអាចនឹងត្រូវបានរបបយោធាសព្វថ្ងៃបណ្ដេញចេញពី ឆាកនយោបាយ។ ប៉ុន្តែ ចេតនា ឬផែនការពិតប្រាកដរបស់យោធាមីយ៉ាន់ម៉ា មិនត្រូវបានគេដឹងច្បាស់ឡើយ ស្របពេលការប្រកាសសាលក្រមអាចនឹង ត្រូវពន្យារពេលក៏ថាបាន។
គួរបញ្ជាក់ថា លោកស្រី អោង សាន ស៊ូជី ត្រូវបានយោធាឃុំខ្លួន និងបណ្ដេញចេញពីអំណាច ក្រោយផ្ទុះព្រឹត្តិការណ៍ដែលសហគមន៍អន្តរជាតិហៅថាជាការធ្វើ រដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយបង្កឱ្យការធ្វើបាតុកម្មតវ៉ា និងមនុស្សច្រើនជាង ១,២០០នាក់បានស្លាប់ និងជាង ១០,០០០នាក់ ត្រូវបាន ចាប់ខ្លួនដោយកងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា៕
ប្រភព៖ Channel News Asia