ប្រធានាធិបតីចិន លោក ស៊ី ជិនពីង សន្យាផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ មួយពាន់លានដូសដល់តំបន់អាហ្វ្រិក
អន្តរជាតិ
269

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសន្យាថានឹងផ្ដល់វ៉ាក់សាំងបង្ការ COVID-19 ចំនួន មួយពាន់លានដូសបន្ថែមទៀត ទៅកាន់តំបន់អាហ្វ្រិក ដែលកំពុង ប្រឈមមុខនឹងការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចិន វិនិយោគមិនតិចជាង ១០ពាន់លានដុល្លារអាមេរិក នៅក្នុងទ្វីបក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងសុន្ទរកថាតាមរយៈ តាមប្រព័ន្ធវីដេអូ នៅឯការបើកវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក លោក ស៊ី ជិនពីង បាននិយាយថា ចិននឹងផ្ដល់វ៉ាក់សាំងបង្ការ COVID-19 ចំនួន ៦០០លានដូសជាអំណោយ ហើយ ៤០០លានដូសទៀតនឹងត្រូវបានផ្ដល់ជូនតំបន់អាហ្វ្រិក តាមរយៈមធ្យោបាយដទៃក្នុងនោះរួមមានទាំងការចូលរួមផលិតវ៉ាក់សាំងរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុននៃបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក។

លោកស៊ី ក៏បានបន្ថែមដែរថា ចិនក៏នឹងជួយលើគម្រោងសុខាភិបាលចំនួន១០ និងបញ្ជូនក្រុមអ្នកជំនាញសុខាភិបាល ១,៥០០នាក់ ព្រមទាំងជំរុញឱ្យក្រុមហ៊ុនចិនវិនិយោគទឹកប្រាក់យ៉ាងតិច ១០ពាន់លានដុល្លារ នៅក្នុងតំបន់អាហ្វ្រិក សម្រាប់រយៈពេល ៣ឆ្នាំផងដែរ។

គួរបញ្ជាក់ថា ចិនធ្លាប់បានផ្ដល់វ៉ាក់សាំងបង្ការ COVID-19 ជិត ២០០លានដូសរួចមកហើយដល់អាហ្វ្រិក ដែលកំពុងប្រឈមមុខនឹងការខ្វះខាតវ៉ាក់សាំង ចំពេលវីរុស បំប្លែងថ្មី Omicron បានបង្ខំឱ្យបណ្ដាប្រទេសជាច្រើនដាក់ចេញវិធានការរឹតត្បិតឡើងវិញ និងដាក់បម្រាមធ្វើដំណើរលើអ្នកដំណើរមកពីតំបន់អាហ្រ្វិក៕

ប្រភព៖ Channel News Asia

Telegram