ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រាប់ពលរដ្ឋកុំឲ្យតក់ស្លុតរឿងផ្ទុះ«អូមីក្រុង» ហើយប្តេជ្ញាថា អាមេរិកនឹងមិនបិទប្រទេសទៀតទេ
អន្តរជាតិ
326

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅវីរុសបំប្លែងថ្មី«មីអូក្រុង»នេះ គឺជាអ្វីមួយដែលបង្កក្តីព្រួយបារម្ភ តែមិនមែនបង្កភាពតក់ស្លុតនោះឡើយ បន្ទាប់ពីវីរុសនេះត្រូវបានរកឃើញនៅអាមេរិកខាងជើង។

បើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា នៅឯសេតវិមាន កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី បានណែនាំប្រជាជនអាមេរិកទាំងអស់ កុំឲ្យមានភាពតក់ស្លុត ចំពោះវីរុសបំប្លែងថ្មី Omicron នោះឲ្យសោះ ដែលត្រូវបានរាយការណ៍ដំបូងដោយអាហ្វ្រិកខាងត្បូង ហើយវានឹងត្រូវបានរកឃើញ នៅក្នុងសហរដ្ឋអាមេរិក«នៅពេលណាមួយ» ខណៈសហរដ្ឋអាមេរិក កំ ពុងតាមដានស្ថានការណ៍នេះនៅឡើយ ហើយនឹងអាចពិភាក្សាជាមួយក្រុមហ៊ុនផលិតឱសថនានា ថាតើគួរមានវ៉ាក់សាំងថ្មីដើម្បីទប់ទល់វីរុសនេះ ដែរឬក៏យ៉ាងណា។

កាលពីចុងសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសហាមឃាត់ការហោះហើរពីអាហ្វ្រិកខាងត្បូង បូតស្វាណា ហ្ស៊ីមបាវ៉េ ណាមីប៊ី ឡេសូថូ អេសវ៉ាទីនី ម៉ូសំប៊ិក និងម៉ាឡាវី។ ខណៈ កាណាដា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប និងប្រទេសផ្សេងទៀតក៏បានដាក់កម្រិតលើការធ្វើដំណើរពីអាហ្វ្រិកខាងត្បូងដូចគ្នាផងដែរ។

ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានគូសបញ្ជាក់នៅថ្ងៃចន្ទសប្តាហ៍នេះ ផងដែរថា Omicron កើតចេញពីការបំប្លែងខ្លួនច្រើនលើក ដែលយើងពុំធ្លាប់បានឃើញកន្លងមកចំពោះវីរុស ហើយប្រាកដណាស់វាអាចមានសក្តានុពល បង្កឲ្យសោកនាដកម្មនៃជំងឺរាតត្បាតសកល COVID-19 កាន់តែរីកធំឡើង។ WHO បានសង្កត់ធ្ងន់ជាចុងក្រោយថា «ហានិភ័យជាសកលពាក់ព័ន្ធនឹង Omicron គឺពិតជាខ្ពស់ណាស់»។

គួរបញ្ជាក់ថា ក្រៅពីការជំរុញទឹកចិត្តប្រជាជនអាមេរិកឲ្យរឹងមាំ លោក ចូ បៃដិន ថែមទាំងបានប្តេជ្ញាកាលពីថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ទៀតថា លោកនឹងមិនបិទទ្វារប្រទេស (lockdown) សាជាថ្មី ដើម្បីទប់ទល់ Omicron នោះឡើយ ប្រសិនបើសហរដ្ឋអាមេរិករកឃើញ វត្តមានវីរុសបំប្លែងថ្មីនេះ។ ប្រធានាធិបតីរូបនេះ នៅតែជំរុញឲ្យប្រជាជនអាមេរិក ចាក់វ៉ាក់សាំងឲ្យបានពេញលេញ និងចាក់ដូសជំរុញផងដែរ ហើយត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវ៕

ប្រភព៖  BBC

Telegram