ចិនកោះហៅបេសកជនជប៉ុនប្រជុំបន្ទាន់ ជុំវិញការអត្ថាធិប្បាយលើតៃវ៉ាន់ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ
អន្តរជាតិ
393

សៀងហៃ៖ ក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុននៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំបន្ទាន់នៅល្ងាចថ្ងៃពុធទី ១ ខែធ្នូ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) បាននិយាយថា ប្រទេសរបស់លោកនិងសហរដ្ឋអាមេរិក មិនអាចឈរស្ងៀមបានទេ ប្រសិនបើប្រទេសចិនវាយប្រហារកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន channel news asia នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

ជំនួយការរបស់រដ្ឋមន្ត្រីការបរទេសចិនលោកស្រី Hua Chunying បានហៅការអត្ថាធិប្បាយរបស់លោក អាបេ ថា ខុសឆ្គងនិងការរំលោភលើបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងរវាងចិននិងជប៉ុន នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតជប៉ុនលោក Shui Hideo នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។

ការអត្ថាធិប្បាយរបស់លោក អាបេ «បានជំទាស់ដោយបើកចំហចំពោះអធិបតេយ្យភាពរបស់ប្រទេសចិន និងបានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់កងកម្លាំងឯករាជ្យតៃវ៉ាន់»​វាបានដកស្រង់សម្តីលោកស្រី Hua ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បាននិយាយថា «ប្រទេសចិនមានការប្រឆាំងយ៉ាងដាច់អហង្ការចំពោះរឿងនេះ»​។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​ពុធ ថ្លែងតាមរយៈប្រព័ន្ធវីដេអូ ទៅកាន់វេទិកាថ្នាក់តំបន់មួយ រៀបចំឡើងដោយវិទ្យាស្ថាននយោបាយរបស់តៃវ៉ាន់ លោក អាបេ បាននិយាយថា​ ការ​លុកលុយ​ដោយ​ប្រដាប់​អាវុធ​លើ​កោះ​តៃវ៉ាន់​នឹង​បង្ក​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ជប៉ុន៕

ប្រភព៖ channel news asia

Telegram