ស៊េអូល៖ ប្រមុខការពារជាតិអាមេរិក និង កូរ៉េខាងត្បូង បានជួបប្រជុំគ្នា សម្រាប់កិច្ចពិភាក្សាប្រចាំឆ្នាំរបស់ពួកគេ ខណៈដែលក្រុងវ៉ាស៊ីនតោនជំរុញឱ្យពង្រឹងសម្ព័ន្ធភាពជាមួយដៃគូរបស់ខ្លួន ដើម្បីទប់ស្កាត់ការប្រឈមកាន់តែខ្លាំងពីប្រទេសចិន និងការបង្កើនការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។
បន្ទាប់ពីកិច្ចចរចា សម្ព័ន្ធមិត្តទាំង ២ ត្រូវបានគេរំពឹងថានឹងប្រកាសពីការជំរុញសម្ព័ន្ធភាពយោធារយៈពេលជាច្រើនទស្សវត្សរ៍របស់ពួកគេ ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡត អូស្ទីន (Lloyd Austin) នឹងទំនងជានឹងបញ្ជាក់សាជាថ្មីនូវការការពាររបស់អាម៉េរិកចំពោះកូរ៉េខាងត្បូងដោយប្រើសមត្ថភាពយោធាពេញលេញរបស់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡត អូស្ទីន បានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រនៅពេលទៅដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធទី ១ ខែធ្នូថា៖«សម្ព័ន្ធភាពអាម៉េរិក-កូរ៉េខាងត្បូង គឺជាស្នូលនៃសន្តិភាព និងសន្តិសុខនៅក្នុងតំបន់នេះ ហើយយើងនឹងធ្វើការរួមគ្នាឆ្ពោះទៅរកតំបនឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ (FreeandOpenIndoPacific) ។ ក្នុង ការ ប្រឆាំង នឹង ការ កើនឡើងនៃឥទ្ធិពល កាន់ តែ ខ្លាំង ឡើង របស់ ចិន ក្នុង តំបន់។»
កាលពីដើមសប្តាហ៍នេះ មន្ទីរបញ្ចកោណបានចេញផ្សាយលទ្ធផលនៃការត្រួតពិនិត្យជំហរនៃប្រទេសនិមួយៗជាសាកល ដែលដឹកនាំកិច្ចសហប្រតិបត្តិការបន្ថែមជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីទប់ស្កាត់ការឈ្លានពាន និងគំរាមកំហែងយោធាដ៏មានសក្តានុពលរបស់ចិន និងការគំរាមកំហែងពីកូរ៉េខាងជើង។
ការពិនិត្យឡើងវិញក៏បានជូនដំណឹងអំពីការយល់ព្រមរបស់លោក អូស្ទីន ចំពោះការឈរជើងអចិន្ត្រៃយ៍នៃក្រុមឧទ្ធម្ភាគចក្រសម្រាប់ការវាយប្រហារ និងទីស្នាក់ការកងពលកាំភ្លើងធំនៅក្នុងប្រទេសកូរ៉េខាងត្បូង។
មន្ត្រីការពារជាតិកូរ៉េខាងត្បូងបានហៅខ្លឹមសារនៃការត្រួតពិនិត្យឡើងវិញថា ជាសញ្ញាមួយបង្ហាញថា ទាំងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ឱ្យតម្លៃខ្ពស់ចំពោះសម្ព័ន្ធភាពនេះ។
គួរបញ្ជាក់ថា ជំនួបរបស់លោក ឡត អូស្ទីន ជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក ស៊ូ វូក (Suh Wook) គឺជាជំនួបលើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ចាប់តាំងពីប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន (Joe Biden) ចូលកាន់តំណែងក្នុងខែមករា៕
ប្រភព៖ reuters