អង្គការសុខភាពពិភពលោក ជំរុញឱ្យប្រទេសនានា​ ពង្រឹងសមត្ថភាពសុខាភិបាលខ្លួន ត្រៀមការឆ្លងមេរោគបំប្លែងថ្មី«អូមីក្រុង»​ជាជាងរឹតបន្ដឹងព្រំដែន
អន្តរជាតិ
320

ម៉ានីល៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ បានជំរុញឱ្យប្រទេសនានា បង្កើនសមត្ថភាពសុខាភិបាលខ្លួននិងរៀបចំចាក់វ៉ាក់សាំងឱ្យពេញលេញសម្រាប់ប្រជាជន​ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងកូវីដ១៩ ដោយសារមេរោគបំប្លែងថ្មី«អូមីក្រុង»​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។

ទោះបីជាបានបិទព្រំដែនរបស់ខ្លួនក្នុងការធ្វើដំណើរពីបណ្តាប្រទេសអាហ្វ្រិកខាងត្បូងដែលមានហានិភ័យខ្ពស់ក៏ដោយ ក៏ អូស្ត្រាលី បានក្លាយជាប្រទេសចុងក្រោយគេដែលរាយការណ៍ពីករណីឆ្លងនៃវ៉ារ្យ៉ង់ថ្មីនេះ មួយថ្ងៃបន្ទាប់ពីត្រូវបានរកឃើញនៅក្នុង រដ្ឋចំនួនប្រាំរបស់សហរដ្ឋអាមេរិក​។​

គួរបញ្ជាក់ថា មេរោគបំប្លែងថ្មី«អូមីក្រុង» ត្រូវបានរកឃើញនៅប្រទេសអាហ្វ្រិកខាងត្បូងកាលពីខែមុន ហើយ​ WHO បានចាត់ទុកថាជាប្រភេទ«មេរោគដែលគួរឱ្យបារម្ភ»។​ ក្រុមអ្នកវិទ្យាសាស្រ្តកំពុងប្រមូលទិន្នន័យនៃសមត្ថភាពឆ្លងនិងអាការៈដែលបណ្ដាលឱ្យធ្លាក់ខ្លួនឈឺរបស់វ៉ារ្យង់ថ្មីនេះ។

ជាមួយគ្នានេះដែរ លោក Takeshi Kasai នាយកប្រចាំតំបន់​របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចបានប្រាប់សន្និសីទសារព័ត៌មាន​ថា «ការរឹតបន្តឹងព្រំដែនអាចពន្យារពេលមកដល់នៃវីរុស ប៉ុន្តែគ្រប់បណ្ដាប្រទេសនិងសហគមន៍ ត្រូវត្រៀមខ្លួនសម្រាប់ករណីឆ្លងកូវីដ១៩យ៉ាងគំហុក»​។

លោកបន្តថា «មនុស្សមិនគួរពឹងផ្អែកតែលើវិធានការបិទព្រំដែននោះទេ។ អ្វីដែលសំខាន់នោះគឺត្រៀមខ្លួនសម្រាប់មេរោគបំប្លែងថ្មីដែលមានភាគរយឆ្លងខ្ពស់»។

មកទល់បច្ចុប្បន្ននេះ មានប្រទេសមួយចំនួនហើយដែលបានរាយការណ៍ពីករណីកូវីដ១៩អូមីក្រុង បន្ថែមពីនេះ បណ្ដាប្រទេសអាស៊ីមួយចំនួនចាប់ផ្ដើមប្រុងប្រយ័ត្នជាមួយអ្នកដំណើរមកពីបណ្ដាប្រទេសដែលពាក់ព័ន្ធផងដែរ។ ប្រទេសអាស៊ីដែលបានរាយការណ៍ពីករណីកូវីដបំប្លែងថ្មីនេះរួមមាន​ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ីនិងប្រទេសឥណ្ឌា។

សូមជម្រាបថា មនុស្សជិត២៦៤​លាននាក់ ត្រូវបានគេរាយការណ៍ថាបានឆ្លងវីរុសនេះ ចាប់តាំងពីវាត្រូវបានគេរកឃើញដំបូងនៅកណ្តាលប្រទេសចិននៅចុងឆ្នាំ ២០១៩ ហើយមនុស្ស៥.៤៨ លាននាក់បានស្លាប់ នេះបើយោងតាមតួលេខរបស់​Reuters៕

ប្រភព៖ Channel News Asia


Telegram