កូរ៉េខាងត្បូង រាយការណ៍ករណី កូវីដ១៩ ឆ្លងនិងស្លាប់កម្រិតខ្ពស់បំផុត ខណៈមេរោគ«អូមីក្រុង»កើនដល់ចំនួន៩ករណី
អន្តរជាតិ
370

សេអ៊ូល៖ ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយនៅថ្ងៃសៅរ៍ (ទី៤ ខែធ្នូ) ថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីកំណត់ត្រាប្រចាំថ្ងៃចំនួន ៥.៣៥២ ករណីឆ្លង COVID-19 ថ្មី និងការស្លាប់ចំនួន ៧០ នាក់ ខណៈទូទាំងប្រទេសចំនួន ៩ ករណីនៃវ៉ារ្យ៉ង់ «អូមីក្រុង»(Omicron)ត្រូវបានបញ្ជាក់។ នេះបើយោងតាមការចេញផ្សាយ Channel News Asia នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋាភិបាល កាលពីថ្ងៃសុក្រ បានប្រកាសថា អ្នកដែលចូលទស្សនា ភោជនីយដ្ឋាន រោងកុន និង កន្លែងសាធារណៈផ្សេងទៀត នឹងត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង។ ខណៈប្រទេសនេះក៏កំពុងកាត់បន្ថយដែនកំណត់លើការជួបជុំជាលក្ខណៈឯកជនដល់មនុស្ស៦ នាក់នៅក្នុងតំបន់ធំនៃទីក្រុងសេអ៊ូលផងដែរ ពី១០នាក់នាពេលបច្ចុប្បន្ន និងដល់៨នាក់ពី១០ នាក់សម្រាប់អ្នកដែលរស់នៅក្រៅរដ្ឋធានីដែលចាប់ផ្តើមនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។

ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA)បាននិយាយថា អត្រាអ្នកជំងឺចូលមន្ទីរពេទ្យកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយករណីធ្ងន់ធ្ងរនៃ កូវីដ១៩ ជាមួយនឹងចំនួនអ្នកជំងឺធ្ងន់ធ្ងរ ៧៥២នាក់គិតត្រឹមថ្ងៃសុក្រ។

ប្រទេសកូរ៉េខាងត្បូង ក៏បានបញ្ជាក់ពីករណី«Omicron»ចំនួនបីបន្ថែមទៀត ដែលនាំឱ្យចំនួនសរុបកើនឡើងដល់៩ករណី បន្ទាប់ពីគូស្នេហ៍ដែលបានចាក់វ៉ាក់សាំងពេញលេញបានធ្វើតេស្តវិជ្ជមានចំពោះវ៉ារ្យ៉ង់នេះ បន្ទាប់ពីធ្វើដំណើរពីប្រទេសនីហ្សេរីយ៉ា កាលពីសប្តាហ៍មុន។ ដើម្បីការពារវ៉ារ្យ៉ង់ថ្មីនេះ អាជ្ញាធរកាលពីថ្ងៃសុក្រ បានប្រកាសពីតម្រូវការដាក់ឱ្យនៅដាច់ពីគេរយៈពេល១០ ថ្ងៃ សម្រាប់អ្នកធ្វើដំណើរចូលទាំងអស់សម្រាប់រយៈពេល២ សប្តាហ៍ ដោយ បញ្ឈប់ការលើកលែងដែលបាន ផ្តល់ឱ្យមុនដល់មនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញ។

ប្រទេសកូរ៉េខាងត្បូង បាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងរលកនៃការឆ្លងដ៏អាក្រក់បំផុតចាប់តាំងពីខែកក្កដា នៅពេលដែលករណីប្រចាំថ្ងៃមាននៅក្រោម២,០០០ រហូតដល់រដ្ឋាភិបាលប្តូរទៅជា«រស់នៅជាមួយ កូវីដ១៩»។ ករណីនេះបានឈានដល់ចំនួន៥,០០០ ជាលើកដំបូងក្នុងសប្តាហ៍នេះ ដោយធ្វើឱ្យមានភាពតានតឹងលើប្រព័ន្ធថែទាំសុខភាព។

ប្រទេសនេះ បានចាក់ថ្នាំបង្ការយ៉ាងពេញលេញ ៩១.៧ ភាគរយនៃចំនួនប្រជាជនពេញវ័យរបស់ខ្លួន រហូតមកដល់ពេលនេះបានរាយការណ៍ថា មានការឆ្លងមេរោគកូវីដ១៩ សរុបចំនួន៤៦៧ ,៩០៧ករណី ដោយមានអ្នកស្លាប់ចំនួន៣,៨០៩ នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត៕

ប្រភព៖ Channel News Asia

Telegram