មីយ៉ាន់ម៉ា៖ សារព័ត៌មានក្នុងស្រុក Myanmar Now បានរាយការណ៍ថា មនុស្ស៥នាក់ ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់១៥នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើករថយន្តទម្លុះចូលទៅក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារកាលពីព្រឹកថ្ងៃអាទិត្យ (ទី៥ខែធ្នូ)នៅទីក្រុងយ៉ាំងហ្គោន។
បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សាក្សី២នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័ថា ឡានមួយគ្រឿងដែលបើកដោយទាហាន បានបើកទម្លុះក្រុមបាតុករពីក្រោយខ្នង ហើយមនុស្សរាប់សិបនាក់រងរបួស ។ រូបភាព និងវីដេអូ ដែលបានបង្ហោះលើបណ្ដាញសង្គម បានបង្ហាញពីទិដ្ឋាភាព រថយន្តមួយគ្រឿងបានបើកទម្លុះក្បួនបាតុករ ហើយសាកសពបាតុករដេកននៀលលើដងផ្លូវ។
ទោះរងការបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់របបសឹក បាតុកម្មប្រឆាំងការដឹកនាំរបស់ឧត្តមសេនីយ៍ មីន អ៊ោងឡាំង នៅតែបន្តកើតមាន។ មនុស្សជាង១៣០០នាក់ត្រូវបានរាយការណ៍ថាត្រូវបានសម្លាប់ក្រោមដៃយោធាមីយ៉ាន់ម៉ា ចាប់តាំងពីផ្ទុះរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈមក។
រដ្ឋាភិបាលបង្រួបបង្រួមជាតិ ឬរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានបញ្ជាក់ថា នេះគឺជារឿងគួរឲ្យសង្វេគចិត្តបំផុត ដែលមើលឃើញក្រុមបាតុករស្លូតត្រង់ ទទួលរងការវាយប្រហារ និងបាញ់សម្លាប់ពីសំណាក់យោធា។
ក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយលើបណ្ដាញសង្គមក្រោយការវាយប្រហារថ្ងៃអាទិត្យកន្លងទៅនេះ ក្រសួងការពារជាតិរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ បានសរសេរដូច្នេះថា «យើងនឹងឆ្លើយតបពេញទំហឹងប្រឆាំងយោធាភេរវករ ដែលបានសម្លាប់បាតុករស្លូតត្រង់គ្មានប្រដាប់អាវុធ យ៉ាងឃោរឃៅ និងអមនុស្សធម៌បំផុត»។
បាតុករមីយ៉ាន់ម៉ាម្នាក់ បានប្រាប់រ៉យទ័រតាមទូរសព្ទថា៖ «ខ្ញុំត្រូវបានឡានបុកហើយដួលដល់ដី នៅមុខរថយន្ត ។ ទាហានម្នាក់ ចុះពីរថយន្ត ហើយយកកាំភ្លើងមកវាយខ្ញុំ តែខ្ញុំការពារខ្លួន ហើយរុញច្រានគាត់ចេញ។ ក្រោយមក ទាហាននោះ បានបាញ់កាំភ្លើងតម្រង់មកខ្ញុំ នៅពេលខ្ញុំព្យាយាមរត់។ សំណាងល្អខ្ញុំរត់រួចខ្លួន»៕
ប្រភព៖ Channel News Asia