មូស្គូ៖ វិមានក្រែមឡាំង បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិកលោក ចូ បៃដិន គ្រោងនឹងជួបពិភាក្សាគ្នាតាមវីដេអូសន្និសីទនៅថ្ងៃអង្គារ ទី៧ ខែធ្នូ ខណៈដែលភាពតានតឹងកើនឡើងជុំវិញបញ្ហាអ៊ុយក្រែន។
បើតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកនាំពាក្យវិមានក្រែមឡាំង លោកឌីមីទ្រី ប៉េស្គូវ (Dmitry Peskov) បាននិយាយថា ការសន្ទនានឹងធ្វើឡើងនៅពេលល្ងាចម៉ោងនៅប្រទេសរុស្ស៊ី ហើយមេដឹកនាំទាំងពីរនឹងកំណត់រយៈពេលសម្រាប់កិច្ចពិភាក្សា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។
លោក បៃដិន បាននិយាយកាលពីថ្ងៃសុក្រទី ៣ ខែធ្នូថា លោកនឹងធ្វើឱ្យវាពិបាកខ្លាំង សម្រាប់រុស្ស៊ីក្នុងការបើកការឈ្លានពានណាមួយពីអ៊ុយក្រែន ដែលបានព្រមានថា ការវាយប្រហារទ្រង់ទ្រាយធំអាចនឹងត្រូវបានធ្វើឡើងសម្រាប់ខែក្រោយ។ ក្រុង វ៉ាស៊ីនតោន និង ក្រុងកៀវ និយាយថា ក្រុងម៉ូស្គូ បានពង្រាយទ័ពយ៉ាងច្រើននៅ ជិតព្រំដែន អ៊ុយក្រែន ហើយចោទរុស្ស៊ី ថាមាន ផែនការឈ្លានពាន។
យ៉ាងណាមិញ រុស្ស៊ីបានបដិសេធរាល់ចេតនាអាក្រក់ និងចោទប្រកាន់លោកខាងលិចពីការបង្ករឿង ជាពិសេសជាមួយសមយុទ្ធយោធានៅសមុទ្រខ្មៅ ដែលខ្លួនមើលឃើញថាជាផ្នែកនៃឥទ្ធិពលរបស់ខ្លួន។
លោក បៃដិន និងលោក ពូទីន ត្រូវបានរំពឹងទុកតាំងពីថ្ងៃសុក្រទី ៣ ខែធ្នូ ដើម្បីធ្វើការហៅតាមរយៈវីដេអូ។ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា៖« លោកកំពុងដាក់បញ្ចូលគ្នានូវគំនិតផ្ដួចផ្តើមដ៏ទូលំទូលាយ និងមានអត្ថន័យបំផុត ដើម្បីធ្វើឱ្យវាពិបាកខ្លាំងណាស់សម្រាប់លោក ពូទីន ក្នុងការឆ្ពោះទៅមុខ និងធ្វើអ្វីដែលមនុស្សព្រួយបារម្ភថាលោកអាចធ្វើបាន»។
សូមបញ្ជាក់ថា ជំនួបផ្ទាល់លើកចុងក្រោយរវាងមេដឹកនាំអាមេរិក និងរុស្ស៊ី ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៦ ខែមិថុនា ២០២១ នៅទីក្រុង ហ្សឺណែវ ប្រទេស ស្វ៊ីស ដោយកាលនោះ កិច្ចប្រជុំនេះ ហាក់ពុំសូវទទួលផ្លែផ្កាច្រើនឡើយ៕
ប្រភព៖ Bangkok Post