ក្រុងយ៉ាំងហ្គោន៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានកាត់បន្ថយរយៈពេលអនុវត្តទោសអតីតមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) មកនៅត្រឹម ២ឆ្នាំ បន្ទាប់ពីតុលារការដាក់ទោសលោកស្រីឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពីបទញុះញង់ប្រឆាំងនឹងយោធា និងបំពានច្បាប់ការពារកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។
លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៦ ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនចាប់តាំងពីមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រីចេញពីអំណាចកាលពីខែកុម្ភៈ ដែលជាការបញ្ចប់ជីវិតលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាផងដែរ។ ចាប់តាំងពីពេលនោះមក លោកស្រី ត្រូវបាន រងបទចោទជាច្រើនករណីជុំវិញការបំពានការសម្ងាត់ជាតិ នាំចូលវិទ្យុទាក់ទងខុសច្បាប់និងក្លែងបន្លំការបោះឆ្នោត។
អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បានប្រាប់ AFP តាមទូរស័ព្ទថា កាលពីថ្ងៃចន្ទ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការបានកាត់ទោសលោកស្រីអ៊ុង សានស៊ូជី ឱ្យជាប់ពន្ធធនាគាររយៈពេល ២ឆ្នាំពីបទញុះញង់ប្រឆាំងនឹងយោធា និង ២ឆ្នាំទៀតពីបទបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយដែលពាក់ព័ន្ធនឹងកូវីដ១៩។
បន្ថែមពីនេះ អតីតប្រធានាធិបតី វីន មីន(Win Myint) ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំផងដែរ ពីបទចោទប្រកាន់ដូចគ្នានឹងលោកស្រីស៊ូជី ដែលសហរដ្ឋអាម៉េរិកបានរិះគន់ថាជា «ការប្រមាថ» ចំពោះវិស័យយុត្តិធម៌។
មេដឹកនាំទាំងពីរនឹងត្រូវអនុវត្តទោសដោយឃុំខ្លួនក្នុងផ្ទះក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរណៃពិដោរ។បើតាមន័យក្នុងសាលក្រមដែលបានចេញ៕
ប្រភព៖ Channel News Asia