ប្រទេសថៃ រកឃើញករណីដំបូង​នៃវីរុស​«អូមីក្រុង» លើបុរសជនជាតិអាមេរិក
អន្តរជាតិ
315

បាងកក៖ មន្ត្រីសុខាភិបាលបាននិយាយនៅថ្ងៃចន្ទ (ទី៦ ខែធ្នូ)​ថា ប្រទេសថៃបានរកឃើញករណីដំបូងរបស់ខ្លួននៃវីរុស «អូមីក្រុង» នៅក្នុងពលរដ្ឋអាម៉េរិកដែលបានធ្វើដំណើរមកពីប្រទេសអេស្ប៉ាញកាលពីចុងខែមុននេះ​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។

លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបានប្រាប់សន្និសីទសារព័ត៌មានមួយថា ករណីដែលបានបញ្ជាក់នៅក្នុងបុរសនោះ ដែលបានមកដល់កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសទី ៤៧ ដែលបានរកឃើញវ៉ារ្យ៉ង់ថ្មីនេះ។

លោក Opas បាននិយាយថា៖«ករណីដែលបានបញ្ជាក់ជាលើកដំបូងនៃវ៉ារ្យ៉ង់ «អូមីក្រុង» គឺជាបុរសអាយុ ៣៥ ឆ្នាំដែលជាពលរដ្ឋអាម៉េរិកដែលបានរស់នៅក្នុងប្រទេសអេស្ប៉ាញអស់រយៈពេលមួយឆ្នាំ។ អ្នកជំងឺមានរោគសញ្ញាស្រាល។»

លើសពីនេះ លោក Opas បានបន្ថែមថា អាជ្ញាធរសុខាភិបាលកំពុងធ្វើតេស្ដបន្ថែមលើមនុស្សដែលបានទាក់ទងជាមួយបុរសនោះ ប៉ុន្តែបាននិយាយថា អ្នកដែលមានទំនាក់ទំនងទាំងអស់រហូតមកដល់ពេលនេះ មានហានិភ័យទាប។

​គួរបញ្ជាក់ថា ប្រទេសថៃបានហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកចំនួនប្រាំបី រួមមាន ប្រទេសបុតស្វាណា (Botswana), អេសវា៉ទីនី (Eswatini), ឡេសូតូ (Lesotho), ម៉ាឡាវី (Malawi), ម៉ូសំប៊ិក (Mozambique), ណាមីប៊ី (Namibia), អាហ្វ្រិកខាងត្បូង និងស៊ីមបាវ៉េ (Zimbabwe) ចាប់ពីខែធ្នូ។​

ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ៤ ពាន់ករណី និងការស្លាប់ថ្មីចំនួន ២២ នាក់នៅថ្ងៃចន្ទទី ៦ ខែធ្នូ ដោយធ្វើឱ្យចំនួនសរុបកើនឡើងដល់ជាង ២,១ លានករណី និងការស្លាប់ចំនួន ២០ ៩៦៦ នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន៕

ប្រភព៖ Channel News Asia

Telegram