ឥណ្ឌូណេស៊ី៖ ភ្នំភ្លើង Semeru របស់ប្រទេសឥណ្ឌូនេស៊ី បានបញ្ចេញផេះបន្ថែមទៀតកាលពីថ្ងៃចន្ទ (ទី៦ ខែធ្នូ) ដោយរារាំងដល់ការស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ២២ នាក់ បន្ទាប់ពីការផ្ទុះដ៏អាក្រក់កាលពីចុងសប្តាហ៍នៃភ្នំភ្លើងមួយនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។
ភ្នំដ៏ធំបំផុតនៅលើកោះជ្វា បានផ្ទះកាលពីថ្ងៃសៅរ៍ ដោយបញ្ចេញផេះភ្នំភ្លើងខ្ពស់ទៅលើមេឃ ខណៈមនុស្សភ័យស្លន់ស្លោរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ រូបថតពីលើអាកាសបានបង្ហាញពីផ្លូវទាំងមូលពោរពេញដោយផេះភ្នំភ្លើង ដែលបានលេបត្របាក់ផ្ទះ និងយានជំនិះជាច្រើន រួមទាំងសត្វពាហនៈផងដែរ។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២២ នាក់ហើយកាលពីយប់ថ្ងៃចន្ទ ហើយមនុស្ស២៧នាក់នៅតែបាត់ខ្លួននៅឡើយ។ សកម្មភាពភ្នំភ្លើងផ្ទុះម្តងទៀត កាលពីថ្ងៃចន្ទ បានរារាំងកិច្ចខិតខំប្រឹងប្រែងស្វែងរក ដោយបង្ខំក្រុមសង្គ្រោះឱ្យដកខ្លួនចេញពីតំបន់មួយចំនួន៕
ប្រភព៖ Channel News Asia