លោក បៃដិន ព្រមានលោក ពូទីន ដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនរុស្ស៊ីហ៊ានឈ្លានពាន​អ៊ុយក្រែន
អន្តរជាតិ
177

វ៉ាស៊ីនតោន៖ ​​ប្រធានាធិបតីអាមេរិក ចូ បៃដិន បាន​ព្រមានមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ថា សម្ព័ន្ធមិត្តលោកខាងលិច នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ និងវិធានការផ្សេងៗទៀត ប្រឆាំងទីក្រុង មូស្គូ ប្រសិនបើយោធារុស្ស៊ី ហ៊ានឈ្លានពានអ៊ុយក្រែន​។​

​បើ​តាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរ បានជួបពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញអស់ពេលជាង២ម៉ោង ពាក់ព័ន្ធសំណុំរឿង អ៊ុយក្រែន និងជម្លោះដទៃទៀត​។ ជំនួបនេះទៀតសោត ក៏រៀបចំឡើងចំពេលដែលមានផ្ទុះភាពតានតឹងខ្លាំង ដោយកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ បានចល័តនៅក្បែរព្រំដែនអ៊ុយក្រែន។

​នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានបញ្ជាក់​ថា​«លោកប្រធានាធិបតី បៃដិន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើង ចំពោះសកម្មភាពកងទ័ពរុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែន ហើយបានបញ្ជាក់យ៉ាងច្បាស់ថាអាមេរិក និងសម្ព័ន្ធមិត្តរបស់ យើងនឹងធ្វើការឆ្លើយតបតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការដទៃទៀត នៅក្នុងករណីជម្លោះយោធាណាមួយផ្ទុះឡើង»។

យ៉ាងណាមិញ វិមានក្រែមឡាំង បានបដិសេធការចោទប្រកាន់ថារៀបចំការវាយប្រហារលើប្រទេស អ៊ុយក្រែន ដោយអះអាងថា ការកេណ្ឌទ័ពនៅតាមព្រំដែនខាងត្បូងរបស់រុស្ស៊ី គឺជាទង្វើការពារខ្លួន ។ ទោះជាបែបនេះក្តី បណ្ដាប្រទេសក្បែរខាង នាំគ្នាប្រកាសអាសន្នជុំវិញទង្វើរបស់ទ័ពរុស្ស៊ីនេះ។

បន្ថែមពីនេះ នៅក្នុងសេចក្តីថ្លែងការណ៍ វិមានក្រែមឡាំង បានគូសបញ្ជាក់ថា លោកប្រធានាធិបតី ពូទីន បានឆ្លើយតបនឹងការព្រមាននេះ ដោយចង់បានការធានាដែលអាចទុកចិត្ត និងមានកាតព្វកិច្ចផ្លូវច្បាប់ ប្រឆាំងការការរីកមាឌឆ្ពោះទៅទិសខាងកើតរបស់អង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើង (ណាតូ) ហើយលោកពូទីន ក៏បានរិះគន់ជុំវិញអ្វីដែលលោកចាត់ទុកថាជាការប៉ុនប៉ងរបស់អង្គការណាតូក្នុងការអភិវឌ្ឍដែនអធិបតេយ្យរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ជំនួបរវាងលោក បៃដិន និងលោក ពូទីន ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានសន្និដ្ឋានរុស្ស៊ីអាចនឹងបើកការ វាយប្រហារលើអ៊ុយក្រែន នៅដើមឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែ ទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ ដោយអះអាងថាខ្លួនមិនមាន ផែនការវាយប្រហារលើប្រទេសណាមួយទេ តែថារុស្ស៊ីក៏មានបន្ទាត់ក្រហមរបស់ខ្លួនដែរ៕

 ប្រភព៖ Bangkok Post

Telegram